ហ្វេសប៊ុកចៅចាក់ស្មុក៖ ជុន ច័ន្ទបុត្រ យកជម្រើសទៅហើយមិនវិលវិញ

ថ្ងៃចន្ទ ទី ១ ឧសភា ២០១៧​
154

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុកបានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «ជុន ច័ន្ទបុត្រ យកជម្រើសទៅហើយមិនវិលវិញ» ដែលមានខ្លឹម​សារដូចខាងក្រោម៖

ថាជុន ច័ន្ទបុត្រ ពូជមាន់សម្ល ពិតជាមាន់សម្លមែន! ក្លាហានបានតែមុខក្បាលមេក្រូ ដល់ពេលនៅមុខច្បាប់ ធ្វើជាកណ្តុរនៅមុខឆ្មា! តាមការគ្រោងទុក ជុន ច័ន្ទបុត្រ នឹងត្រូវវិលមកកម្ពុជាវិញនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៧ នេះបន្ទាប់ពីបាន ចាកចេញទៅកាន់ទីក្រុងបាងកកកាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ។ វិលដែរ ប៉ុន្តែ ជុន ច័ន្ទបុត្រ បានសម្រេចរត់គេចខ្លួនជាផ្លូវការពីការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលកោះឱ្យចូលខ្លួននៅថ្ងៃទី០២ ឧសភា ឆ្នាំ២០១៧ ហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយស្ពាយបទចោទទៅជាមួយ។

ចៅចាក់ស្មុក បានព្យាករណ៍ហើយថា បើជ្រុលបានចាកចេញពីកម្ពុជាទៅហើយ ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់មកកម្ពុជាវិញតាមការគ្រោងទុកទេ។ កាលដែល ជុន ច័ន្ទបុត្រ ថ្លែងថាខ្លួនកំពុងជួបមេធាវីរបស់ខ្លួនលើដីកាកោះឱ្យចូលខ្លួននេះ គឺគ្រាន់តែជាលេសដើម្បីពន្យាពេលការបញ្ជាក់​ជាផ្លូវការនូវការរត់គេចខ្លួនពីដីកាកោះនេះ។ គេជឿជាក់ថា ទាំងចៅហ្វាយរបស់ខ្លួន ទាំងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរបស់ខ្លួន រួមនឹងខ្លួនឯងផ្ទាល់ ជុន ច័ន្ទបុត្រ មិនចង់ជាប់គុកនៅកម្ពុជាឡើយ។ ដូច្នេះ មេធាវីខ្លួនអាចប្រថាប់ត្រាថា មិនចាំបាច់វិលមកកម្ពុជាវិញទេ ព្រោះអាចខាតប្រយោជន៍ច្រើន។ អត់សំឡេងរបស់ ជុន ច័ន្ទបុត្រ គណបក្សសង្គ្រោះជាតិ ជាពិ​សេស​ថ្នាក់ដឹកនាំបក្សនេះអាចមានការសោកស្តាយខ្លាំង ព្រោះប្រៀបបាននឹងការកាត់ដៃស្តាំ និងបាត់បង់សំឡេងដ៏មានសក្តានុពលរបស់ខ្លួនផងដែរ ព្រោះ ជុន ច័ន្ទបុត្រ បានសហការរៀប​ចំផែនការយ៉ាងស្អិតរមួតជាមួយបក្សប្រឆាំង និងសង្គមស៊ីវិល ព្រមទាំងសង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យផ្កាប់មុខ ដើម្បីផ្សព្វផ្សាយបែបមួលបង្កាច់ បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តព័ត៌មានក្នុងចេតនាទាញទម្លាក់សេចក្តីទុកចិត្តរបស់រាស្ត្រ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្រោមផែនការអំណាចរបស់ខ្លួន។

បើ ជុន ច័ន្ទបុត្រ ជ្រើសរើសការរត់គេចខ្លួនជាសេណារីយូរបស់ខ្លួន សម្រេចលុបចោលផែន​ការ​វិលមកកម្ពុជាវិញ គេអាចមើលឃើញនូវចំណុចមួយចំនួន៖

១៖ ជុន ច័ន្ទបុត្រ គឺជាអ្នកក្លាហានប្រមាត់តូច៖ នៅពេលមិនទាន់មានបញ្ហាជាមួយច្បាប់ ជុន ច័ន្ទបុត្រ មានតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរី ជាខេមរភាសា បានអួតក្អេងក្អាង ជាជ្រូកពុលទឹកមាត់ ច្រឡើសបើស និងមានមោទនភាពក្នុងក្អម។ ប៉ុន្តែធាតុពិត ជុន ច័ន្ទបុត្រ គឺជាមាន់សម្លដែលមិនហ៊ាននឹងប្រឈមមុខ នឹងការពិត និងអំពើដែលខ្លួនប្រព្រឹត្ត។ ហ៊ានស៊ីតែមិនហ៊ានសង! ហ៊ានបន្លំផ្លោះរបង តែមិនហ៊ានជាប់គុក! នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជុន ច័ន្ទបុត្រ បានព្យាយាមមិននិយាយជាមួយអ្នកកាសែត ព្រមទាំងញុះឱ្យវិទ្យុអាស៊ីសេរីចេញសេចក្តីថ្លែងការណ៍ការពារខ្លួន។

ធាតុពិតនេះគ្រាន់តែជាការបន្លំកុំឱ្យគេដឹងអំពីផែនការរត់គេចខ្លួន និងដើម្បីកុំឱ្យគេស្ទាក់ចាប់ខ្លួនប៉ុណ្ណោះ។ ប្រភពពីបុគ្គលិកវិទ្យុអាស៊ីសេរីបានឱ្យដឹងថា ជុន ច័ន្ទបុត្រ មានការព្រួយបារម្ភយ៉ាងខ្លាំង គឺភ័យឡើងបែកប្រមាត់ ស្លន់ស្លោរ សុំចៅហ្វាយនាយរបស់ខ្លួនចេញទៅបម្រើការ​ងារនៅទីស្នាក់ការកណ្តាលរបស់វិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោនវិញ ព្រមទាំងនិ​យា​យដោយត្រង់ថា បើខ្លួនជាប់គុកនៅកម្ពុជា នឹងខាតបង់ច្រើនណាស់។ នេះសបញ្ជាក់ថាជុន ច័ន្ទ​បុត្រ នេះគ្មានអ្វីគួរអស្ចារ្យឡើយ។ ដើរញុះញង់ បង្កបញ្ហា និងរត់ចោលបញ្ហា។ គិតទៅចរិតមេ និងកូនចៅដូចគ្នាមែន។ មានមេ សម រង្ស៊ី ជាពូជមាន់សម្ល ដល់កូនមកក៏ជាមាន់សម្លដែរ! ទីបំផុតអ្នកក្លាហានប្រមាត់តូចរត់ គេចចេញពីនីតិវិធីច្បាប់ដូចមេបក្សខ្លួនដែរ។

២៖ កុហកលុះក្ស័យ៖ ដំណឹងនៃការរត់គេចខ្លួនរបស់ ជុន ច័ន្ទបុត្រ ទើបនឹងបែកនៅរសៀលថ្ងៃសៅរ៍នេះប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋខ្មែរបានឃើញជន សង្ស័យរូបនេះនៅព្រលានយន្តហោះ ក្នុងទីក្រុងបាងកក។ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងដើម្បីស្នើសុំការបញ្ជាក់ពីសាមីខ្លួន។ ជុន ច័ន្ទបុត្រ បាន ចាកចេញពីកម្ពុជាហើយ ប៉ុន្តែនៅតែបន្លំភ្នែក កុហកអ្នកកាសែតគ្នាឯងថា ខ្លួននៅកម្ពុជានៅឡើយ។ នេះគឺជាការបញ្ជាក់ថា ជុន ច័ន្ទបុត្រ ពិតជាមនុស្សប្រកបដោយល្បិចកលរាប់ជំពូក និងមានចេតនាមិនល្អកុហករាស្ត្រខ្មែរបន្ថែមលើការរៀបចំផែនការអាក្រក់បីខែរបស់ខ្លួន។ ការបំភ្លៃកុហកនេះកាន់តែ បង្ហាញច្បាស់ថា ជុន ច័ន្ទបុត្រ គឺជាមនុស្សកំពូលល្បិចកល ពូកែកុហក ហើយឧប្បត្តិហេតុបន្លំខ្លួនចូលគុកព្រៃស កាលពីមុនដែល ជុន ច័ន្ទបុត្រ ថាមិនបានបន្លំខ្លួនទេ នោះគឺពិតជាភូតកុហក១០០%។ តាមពិត ជុន ច័ន្ទបុត្រ ពិតជាបានបន្លំខ្លួនចូលគុក ក្រោមការសម្របសម្រួល របស់តំណាងរាស្ត្រ ឡុង រី និង មូរ សុខហួរ មែន។ ចុះបើមានវិដេអូភស្តុតាងច្បាស់យ៉ាងដូច្នេះហើយ ទំនងជាតុលាការមិនចាំបាច់រកភស្តុតាងអ្វីទៀតឡើយ។

៣៖ បើចាកចេញទៅមិនអាចវិលវិញ បើនៅក៏មិនអាចចេញបាន៖ បើដំណឹងនៃការរត់គេចខ្លួនរបស់ជុន ច័ន្ទបុត្រ ពិតមែន គឺជាជម្រើសច្បាស់លាស់មួយរបស់ ជុន ច័ន្ទបុត្រ នៅចំពោះមុខស្ថានការណ៍ បច្ចុប្បន្នគឺ ជុន ច័ន្ទបុត្រ ជ្រើសរើសយកជម្រើស «ទៅហើយមិនអាចវិលមកជាន់ទឹកដីកម្ពុជាវិញ» ព្រោះខ្លួនជាប់ជំពាក់នឹងច្បាប់ហើយប្រសិនបើសំណុំរឿងព្រហ្មទណ្ឌរបស់ខ្លួន ត្រូវបានតុលាការជំនុំជម្រះក្តី និងបើរកឃើញថា មានពិរុទ្ធភាព ព្រមទាំងត្រូវបានផ្តន្ទាទោសនោះ ជុន ច័ន្ទបុត្រ ត្រូវដោះស្រាយឱ្យដាច់ស្រេចជាមុនសិនទើបមានសិទ្ធិវិលចូលប្រទេសវិញដោយសេរី។ ហើយបើសម្រេចចិត្តចូលមកក្នុងប្រទេសវិញក៏នឹងមិនអាចចេញវិញបានដែរ ព្រោះត្រូវប្រឈមមុខច្បាប់។ បើសិនជាតុលា​ការរកឃើញមានពិរុទ្ធភាពត្រូវប្រឈមមុខនឹងការអនុវត្តទោសឱ្យចប់សព្វគ្រប់សិន។ បើបន្តរត់គេចខ្លួនស្ពាយទោសជាប់ខ្លួនដូចទណ្ឌិត សម រង្ស៊ី ទោសនៅតែបន្តមានរហូតព្រោះមិនទាន់បានអនុវត្ត។

ការជ្រើសរើសរត់គេចខ្លួនរបស់ ជុន ច័ន្ទបុត្រ ចេញពីការតតាំងផ្នែកច្បាប់គឺជាសិទ្ធិសម្រេចរបស់ខ្លួន។ ប៉ុន្តែជាការបង្ហាញពីភាពកំសាករបស់ជនសង្ស័យដែលជាអ្នកក្លាហានក្នុងក្អម។ សំណួរបន្តគេ នឹងចោទសួរថា បើតុលាការរកឃើញថា ជនសង្ស័យ ជុន ច័ន្ទបុត្រ មានទោស តើជនរូបនេះមានសិទ្ធិក្នុងការ ប្រកបអាជីពជាអ្នកកាសែតវិទ្យុអាស៊ីសេរីទៀតទេ? តើគេអនុញ្ញាតឱ្យជននេះបន្តប្រើវិទ្យុអាស៊ីសេរី ដើម្បីផ្សព្វផ្សាយព័ត៌មានទៀតទេ? តើព័ត៌មានដែល ជុន ច័ន្ទបុត្រ សរសេរនិងកិច្ចការព័ត៌មានដែល ជុន ច័ន្ទបុត្រ ត្រួតពិនិត្យសម្រាប់វិទ្យុអាស៊ីសេរីទាំងមូល នឹងមានតុល្យភាពឯករាជ្យភាពដូចខ្លួនប្រកាសទេ?

ចម្លើយគឺថា ព័ត៌មានដែល ជុន ច័ន្ទបុត្រ សរសេរនិងបញ្ជាឱ្យមន្ត្រីបុគ្គលិករបស់ខ្លួនសរសេរគឺគ្រាន់តែជាអត្ថបទព័ត៌មាន សងសឹក គំនុំគំគួន និងគ្មានវិជ្ជាជីវៈប៉ុណ្ណោះ។ វិទ្យុអាស៊ីសេរីនឹងក្លាយជាឧបករណ៍ដាច់ថ្លៃដែលប្រើដើម្បីសងសឹក និងបង្កចលាចល ញុះញង់តាមរូបភាពបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តព័ត៌មាន៕

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់