ទស្សនៈ ដោយ​ ពង្ស សុក្រឹត្យ​៖ យីអ៊ុនដាក់​អារក្សជាន់​មែន!!!

ថ្ងៃចន្ទ ទី ២៥ មេសា ២០១៦​
282

មកដល់ពេលនេះ រឿងរ៉ាវអាស្រូវស្រីញីរបស់លោក កឹម សុខា ត្រូវបានម្ចាស់គណនីហ្វ៊េសប៊ុកឈ្មោះ «រឿងពិតCNRP» បានទម្លាយដល់ភាគទី៣៦-៣៧ ទៅហើយ ។ ចំណែកលោក កឹម សុខា វិញ ហាក់ដូចជាបានទទួលស្គាល់ថារឿងអាស្រូវនោះ គឺលោកជាអ្នកប្រព្រឹត្តិពិតមែន ព្រោះលោកមិនហ៊ានចេញមុខបកស្រាយនូវអំពើស្មោគគ្រោគនោះឡើយ។

បើតាមសម្តីរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួនបានលួចខ្សឹបគ្នាថា ពួកគាត់មានភាពអាម៉ាស់ជាខ្លាំងដែលមានមេដឹកនាំបក្សជាមនុស្សអសីលធម៌បែបនេះ។ អ្នកខ្លះទៀត លួចខ្សឹបទៀតថា នៅក្នុងសមាជរបស់បក្សដែលនឹងត្រូវធ្វើនៅថ្ងៃ២៦-២៧ ខែមីនា ខាងមុខនេះ លោកប្រធានស្តីទី កឹម សុខា ខ្លាចមានការអាម៉ាស់មុខ បានដាក់បទបញ្ជាទៅដល់ប្រធានសាខាបក្សទាំងអស់ ប្រាប់ដល់សមាជិកបក្សដែលត្រូវមកចូលរួមនៅថ្ងៃនោះ មិនឲ្យនិយាយពាក់ព័ន្ធរឿងអាស្រូវរបស់លោកជាដាច់ខាត។

បើតាមការផ្សាយរបស់ប្រភពព័ត៌មានកន្លងមក គេឃើញមានបណ្តឹងធ្ងន់ធ្ងរចំនួន៣ទៅហើយចំពោះលោក កឹម សុខា ទាក់ទងនឹងរឿងការលួចផិតក្បត់ប្រពន្ធកូនទៅមានស្រីក្រៅនេះ ដែលក្នុងនោះក៏មានបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ផងដែរ។ នរណាក៏ដឹងដែរថា ក្មេងស្រីម្នាក់នេះ គឺជាសកម្មជនដ៏ឆ្នើមរបស់គណបក្សប្រឆាំង ដែលបានជួយគណបក្សមួយនេះឲ្យមានការកើនសម្លេងកាលពីបោះឆ្នោតឆ្នាំ២០១៣ កន្លងមក។ ប៉ុន្តែ ដោយសារតែមេដឹកនាំគ្មានគុណធម៌របស់ខ្លួន គឺលោក កឹម សុខា នេះតែម្តង មិនបានកោតសរសើរ និងអរគុណនាងនោះទេ តែបានធ្វើការបរិហាកេរិ៍្តនាងថែមទៀត ដោយបានចោទថា នាងបានយកឈ្មោះគណបក្សប្រឆាំងនេះទៅបោកប្រាស់អ្នកគាំទ្រ ដើម្បីបានលុយពីអ្នកគាំទ្រនៅបរទេសទៅវិញ។ ដោយសារភាពអយុត្តិធម៌នេះហើយ ទើបកញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹងមេបក្សរមិលគុណនេះវិញ ពីបទបរិហាកេរិ៍្ត។

បណ្តឹងដ៏អាម៉ាស់មួយទៀត គឺការត្រូវចូលទៅបំភ្លឺនៅរដ្ឋសភា តាមរយៈបណ្តឹងរបស់ក្រុមនិស្សិត ឲ្យមានការបកស្រាយបំភ្លឺអំពីរឿងអាស្រូវស្រីញីរបស់លោក ដែលបានបែកធ្ថាយជាសាធារណៈ ហើយក្នុងនាមលោក កឹម សុខា ជាអ្នកនយោបាយជាន់ខ្ពស់ តំណាងប្រជាពលរដ្ឋ គឺត្រូវតែបញ្ជាក់អំពីភាពពិតនៃទង្វើរបស់ខ្លួន។ ម្យ៉ាងទៀត ក្នុងនាមជាបុគ្គលសាធារណៈ ដែលនឹងត្រូវឈរឈ្មោះ ដើម្បីប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសមកដឹកនាំប្រទេស តែបែរជាប្រព្រឹត្តិនូវអំពើដែលសង្គមស្អប់ខ្ពើមបែបនេះ តើប្រជាពលរដ្ឋគួរជ្រើសរើសដែរឬទេ? តើសក្តិសមជាបុគ្គលដែលត្រូវបន្តដឹកនាំគណបក្សតទៅទៀតឬទេ?

រឿងដែលធ្ងន់ធ្ងរជាងនេះនោះ គឺទាក់ទងនឹងការលេចចេញនូវឃ្លីបសម្លេងសន្ទនា ជាមួយនារីម្នាក់ ដែលលោក កឹម សុខា បានផ្ញើលុយតាមធនាគារចំនួន៤០០០ ដុល្លារ និងការទិញដី ទិញផ្ទះជាច្រើនកន្លែងទៀតរបស់លោក ហើយដែលគេសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយ នូវប្រាក់ដែលទទួលបានយ៉ាងសន្ធឹកសន្ធាប់ពីការបោកប្រាស់អ្នកគាំទ្រគណបក្សទាំងនៅក្នុង និងក្រៅប្រទេសកន្លងមក។

ទាក់ទងនឹងរឿងពុករលួយនេះ បើតាមសម្តីរបស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ បញ្ជាក់ថា រឿងរ៉ាវផ្លូវភេទរបស់លោក កឹម សុខា អង្គភាពប្រឆាំងអំពើពុករលួយមិនខ្វល់នោះទេ ប៉ុន្តែ អង្គភាពប្រឆាំងអំពើពុករលួយ អាចស៊ើបអង្កេតទៅលើភាពមិនប្រក្រតី ឬតម្រុយដែលទាក់ទងទៅនឹងអំពើពុករលួយ របស់លោក កឹម សុខា។ មានន័យថា មិនខ្វល់ពីលោក កឹម សុខា មានស្រីញីទេ ប៉ុន្តែអាចស៊ើបអង្កេតថា តើលោក កឹម សុខា បានលុយពីណាទិញផ្ទះ ទិញដី ឲ្យស្រីស្នេហ៍របស់គាត់ បើលោក កឹម សុខា គ្មានមុខរបររកស៊ី ឬបើកក្រុមហ៊ុនអ្វីផងនោះ ក្រៅតែមានចំការម្រេចនៅកំពង់ចាមដែលមិនទាន់ផ្តល់ផលនៅឡើយ។ គេនៅរង់ចាំមើលថា នៅថ្ងៃទី២៤ ខែមីនា ខាងមុខ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយលូកដៃចាត់វិធានការក្នុងរឿងនេះមែននោះ មានន័យថា ចង់ ឬមិនចង់ ដាច់ខាតគេត្រូវតែហែកស្រោមសំបុត្រនៃលិខិតប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា ដែលបានប្រកាសក្នុងនាមលោកជាតំណាងរាស្ត្រ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជាក់ជាមិនខាន។ នៅពេលនោះ ការពិតនឹងត្រូវបង្ហាញ ហើយគេសង្ឃឹមថាវិធានការច្បាប់នឹងត្រូវអនុវត្ត ដោយពុំមានការលើកលែងនោះឡើយ ប្រសិនបើមានការប្រព្រឹត្តិអំពើពុករលួយមែននោះ។ ពិតជា «យីអ៊ុនដាក់អារក្សជាន់មែន!!!»

ចែករំលែក

បញ្ចេញយោបល់