នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុនាឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣១ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការអភិវឌ្ឍ និងប្រែក្លាយជាកំពង់ផែមានលក្ខណៈអន្តរជាតិ ហើយបាននិងកំពុងដើរតួនាទី យ៉ាងសកម្ម ជាច្រកទ្វារសេដ្ឋកិច្ចអន្តរជាតិ ជួយសម្រួលដល់ការនាំចូល និងនាំចេញទំនិញគ្រប់ប្រភេទ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានកាន់តែឆាប់រហ័ស។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ក្រោយពីប្រទេសជាតិទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានលទ្ធភាពអភិវឌ្ឍ និងពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ដូចជា៖
- ឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៥ បានសាងសង់ផែកុងតេន័រ ប្រវែង ២៤០ម៉ែត្រជម្រៅទឹក ១១.៥ ម៉ែត្រ ចំណាយថវិកាអស់ចំនួន ៣៣.៧លានដុល្លារអាមេរិក។
- ឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ បានសាងសង់ផែកុងតេន័របន្ថែមប្រវែង ១៦០ ម៉ែត្រ (បង្រ្គប់ ៤០០ ម៉ែត្រ) ជម្រៅទឹក ១១.៥ ម៉ែត្រ និងបំពាក់មធ្យោបាយលើក-ដាក់កុងតេន័រ ចំណាយថវិកាអស់ចំនួន ៣៤.៨លានដុល្លារអាមេរិក។
- ឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ បានសាងសង់តំបន់សេដ្ឋកិច្ចពិសេស ចំណាយថវិកាអស់ ចំនួន ៣៥.៩លានដុល្លារអាមេរិក។
- ឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៨ កំពុងសាងសង់ផែពហុបំណងប្រវែង ៣៣០ម៉ែត្រជម្រៅទឹក ១៣.៥ ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ សម្រាប់ការរុករកប្រេងដែលមានបណ្តោយ ២០០ ម៉ែត្រ ជម្រៅទឹក ៧.៥ ម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន ៧៤.២ លានដុល្លារអាមេរិក។
- ចុងឆ្នាំ ២០១៦ និងខែមករា ឆ្នាំ២០១៧ បានបំពាក់មធ្យោបាយលើក-ដាក់កុងតេន័រ ទំនើបចំនួន០២ សម្រាប់ប្រភេទ QC (០២គ្រឿង) និង RTG (០៩គ្រឿង) សម្រាប់បង្កើន សមត្ថភាព និងគុណភាពសេវាកម្មលើក-ដាក់កុងតេន័រដោយប្រើប្រាស់ថវិកាកំពង់ផែ ចំនួន ២២ លានដុល្លារអាមេរិក៕