លោក ប៉ាន សូរស័ក្តិ ជំរុញអាស៊ានយកចិត្តទុកដាក់លើការមកដល់នៃសេដ្ឋកិច្ចឌីជីថល

ថ្ងៃអាទិត្យ ទី ៣០ មេសា ២០១៧​
145

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា​សម្រាប់​អាស៊ាន បានជំរុញអាស៊ានយកចិត្តទុកដាក់លើការមកដល់នៃសេដ្ឋកិច្ចឌីជីថល។ ការលើក ឡើងរបស់លោករដ្ឋមន្រ្តី ក្នុងឱកាស អញ្ជើញចូលរួមវេទិកាភាព​ជាអ្នកដឹក​នាំអាស៊ាន​លើក​ទី១៤ ក្រោមប្រធានបទ «បង្កើនភាពជាដៃគូ វិបុលភាពជាមួយគ្នានៅក្នុងសេដ្ឋកិច្ចពិភពលោកថ្មីមួយ» រៀបចំឡើងដោយវិទ្យាស្ថានភាពជាអ្នកដឹកនាំ និងយុទ្ធ​សាស្ត្រ​អាស៊ាន (ASLI) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់​នៃការអភិវឌ្ឍ​សេវាកម្ម​តាមប្រព័ន្ធឌីជីថលសម្រាប់អាស៊ាន និងបានស្នើដល់អ្នកតាក់តែង​គោល​នយោ​បាយ ពិចារណាលើវិធានការមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្ត និងសន្តិសុខ នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ានដូចជា៖ បន្តធ្វើបដិវត្តអ៊ិនធើណេត, ពន្លឿនការច្នៃ​ប្រឌិតសេវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ព្រមទាំងតភ្ជាប់ទីក្រុងនៅក្នុងតំបន់។

លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងថា នៅក្នុងឆ្នាំ ២០២៥ បដិវត្តឌីជីថល អាចនឹងផ្លាស់ប្តូ​រជីវិតប្រចាំថ្ងៃនៅក្នុងតំបន់អាស៊ាន។ ការកើនឡើងនូវចំនួនប្រជាជនវ័យក្មេង ជាមួយទូរស័ព្ទ​វៃ​ឆ្លាតយ៉ាងច្រើន បានផ្តល់ឱកាសសម្រាប់អាស៊ាន ក្នុងការបង្កើត និងអភិវឌ្ឍន៍​សេវាកម្មឌី​ជីថលថ្មីៗ ជាពិសេសសវាកម្មហិរញ្ញវត្ថុចល័ត និងពាណិជ្ជកម្មតាមអេឡិចត្រូនិក។​សេដ្ឋ​កិច្ច​ឌីជីថល អាចមានអនុភាពខ្ពស់ ជាកម្លាំងចលករសម្រាប់ការធ្វើសមាហរណកម្ម ហើយ​នេះគឺជាហេតុផលសំខាន់ដែលអាស៊ានគួរតែពិចារណាដាក់សេដ្ឋកិច្ចឌីជីថលជាគោលដៅអទិភាព។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមនៅក្នុងបដិវត្តន៍សេដ្ឋកិច្ចឌីជីថល ក្រសួង​ពាណិជ្ជកម្ម កន្លងមកបាន​រៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្ន​កំពុងត្រូវ​បានត្រួតពិនិត្យ​ដោយក្រុម​ប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មុនពេលបញ្ជូន​ទៅ​កាន់រដ្ឋសភា និងព្រឹទ្ធសភា ធ្វើការអនុម័ត។ ច្បាប់ថ្មីនេះ នឹងជួយពង្រីក​វិសាលភាព ព្រមទាំ​ងធ្វើឱ្យមានភាពស្របច្បាប់ ចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុង​ប្រ​ទេសកម្ពុជាដោយគ្មាន​ដែន​កំណត់។ សម្រាប់វិស័យហិរញ្ញវត្ថុ ធនាគារជាតិនៃ​កម្ពុជា​ដែល​ជាស្ថាប័នមានភាព​ច្នៃប្រឌិត​ខ្ពស់ កំពុងអនុវត្តន៍គោលនយោបាយបើកចំហរចំពោះសេវាកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុ​តាមប្រព័ន្ធ​ឌីជីថល ក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជា​ទី​ផ្សារ​ហិរញ្ញវត្ថុឈានមុខ​គេនៅក្នុងតំបន់៕

ចែករំលែក

បញ្ចេញយោបល់