លោក ហ៊ុន ម៉ាណែត៖ សាសនា អប់រំចិត្ត និស្ស័យមនុស្សឱ្យជឿបុណ្យបាបធ្វើអំពើល្អ និងគុណធម៌

ថ្ងៃអាទិត្យ ទី ៣០ មេសា ២០១៧​
154

លោក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិង លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធ សមិទ្ធផលនានា ក្នុងវត្តសុវណ្ណគីរី ស្ថិតក្នុងភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា បានដើរតួនាទីសំខាន់ណាស់ សម្រាប់ការរស់នៅ របស់មនុស្ស។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា សាសនាបានអប់រំចិត្ត និងនិស្ស័យមនុស្ស ឱ្យជឿ​លើបុណ្យ បាប ធ្វើអំពើល្អ បង្រៀន អប់រំសីលធម៌ គុណធម៌។ សាសនាបានបង្រៀន មនុស្ស​ឱ្យស្គាល់ដឹងគុណ ការទទួលយកការពិតព្រោះស្គាល់ដឹងគុណការទទួលយកការពិតនេះ គឺជាគុណធម៌ របស់មនុស្ស។

លោក ហ៊ុន ម៉ាណែត ក៏បានចោទជាសំនួរថា «តើការកសាងសមិទ្ធផលនានា មកដល់ពេលនេះ កើតឡើងដោយសារអ្វី? នោះគឺកើតឡើងដោយសារប្រទេសយើង ទទួលបានសុខសន្តិភាព។ ជាក់ស្តែងខេត្តព្រះវិហារ ធ្លាប់ជាទីកន្លែង វាយប្រយុទ្ធគ្នា ប៉ុន្តែយើងទើបទទួលបានសុខសន្តិភាព នៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាល គឺបម្រើប្រជាពលរដ្ឋ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ រស់នៅក្នុងសុខសន្តិភាព ភាពសប្បាយរីរាយ មានឱកាសចូលរួមអភិវឌ្ឍប្រទេស។ ទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលបានរួមគ្នាកសាងសមិទ្ធផល ដើម្បីប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ។ នេះគឺជាទឹកចិត្តល្អណាស់ ក្នុងការជួយគ្នា»

លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា​ ប្រជាពលរដ្ឋខ្មែរមានគុណធម៌ណាស់ទោះ​បីរៀន​សូត្រដល់ថ្នាក់ណាក៏ដោយក៏ដឹងគុណឱពុកម្តាយ លោកគ្រូ អ្នកគ្រូ និងដឹងគុណចំពោះ​អ្នកផ្តល់ឱកាសឱ្យមានជីវិតមកដល់សព្វថ្ងៃ។ នេះមិនមែនរឿងនយោបាយទេប៉ុន្តែវាគុណ​ធម៌របស់មនុស្ស។ នៅក្នុងជីវិតរបស់ប្រជា​ពលរដ្ឋ និងការដឹកនាំ​របស់រាជរដ្ឋាភិបាលគឺ​ពឹងផ្អែកលើព្រះពុទ្ធសាសនាគឺគឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ មិនដើរភូតកុហក មិន​ដើរសន្យាចោលជាមួយប្រជាពលរដ្ឋ ធ្វើច្រើនបានបុណ្យច្រើន ធ្វើឱ្យមនុស្ស​ស្គាល់បុណ្យ​ស្គាល់បាបនិងជៀសវាងអំពើអបាយមុខផ្សេងៗ។ សាសនាពិត​ជាបានចូលរួមអភិវឌ្ឍ​សង្គម​ឱ្យមានការរីកចម្រើន។

លោក ហ៊ុន ម៉ាណែត ក៏បានបន្ថែមថា ការជ្រើសរើសមេដឹកនាំប្រទេស សំខាន់ណាស់​បើ​យើងជ្រើសរើសត្រូវ មានឱកាសរស់នៅក្នុងសុខសន្តិភាព យើងខិតខំកែលម្អ ខិតខំអភិវឌ្ឍ​ប្រទេសកាន់តែរីកចម្រើន តែបើយើងជ្រើសរើសខុស ប្រទេសនឹងក្រឡាប់ចាក់ ដូចប្រទេស​មួយចំនួននៅលើពិភពលោកសព្វថ្ងៃ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែទ ក៏បានថ្លែងអំណរគុណ ប្រជាពលរដ្ឋ ដែលបាន​ជ្រើសរើស គាំទ្រ​និង​ជឿ​ទុកចិត្តលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​នេះ​គឺជាការផ្តល់​យុត្តិធម៌ និងតម្លៃ ដល់អ្នកធ្វើពិតប្រាកដ ខិតខំ​ធ្វើគ្រប់បែបយ៉ាង​ដើម្បីប្រ​ជា​ពលរដ្ឋ។  សូមប្រជា​ពល​រដ្ឋ បន្តគាំទ្រនិងជឿទុកចិត្តការដឹកនាំ របស់លោកជាបន្តទៀត​ដើម្បី​បម្រើប្រជាពលរដ្ឋ និង​អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់