រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាក្នុងតំបន់និងអន្តរជាតិ

ថ្ងៃអាទិត្យ ទី ៣០ មេសា ២០១៧​
112

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា​សម្រាប់​អាស៊ាន បានថ្លែងទៅកាន់ប្រមុខរដ្ឋ និងតំណាងវិស័យឯកជននានាប្រមាណ ២០០នាក់ថា អាស៊ានបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ ជាពិសេសធា​នា​បាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រជាជនអាស៊ាន និងនៅលើ​ពិភពលោកភាគច្រើន។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូចនេះ​ខណៈ​ចូលរួមជាតំណាង​ដ៏ខ្ពង់​ខ្ពស់​របស់​លោក​នា​យក​រដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីជប់លៀងអាហារ​ពេលល្ងាច​ស្តីពី «អាស៊ាន ក្រោយ ៥០ឆ្នាំ» រៀបចំឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រអាស៊ាន និងភាព​ជាអ្នកដឹកនាំ (ASLI) កាលពីរាត្រីថ្ងៃសុក្រទី២៨ ខែមេសា ឆ្នាំ២០១៧។

លោក ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់ថា ក្នុងនាមសមាជិកដែលមាន​ភាពទទួលខុសត្រូវ​នៃ​ប្រទេសក្នុងតំបន់ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បីប្រឹងប្រែងឆ្ពោះទៅសម្រេច «ចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥៖ ឈានទៅ​មុខជាមួយគ្នា» នៅលើវិថីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពយូរអង្វែងសម្រាប់​ប្រជាជាតិទាំងអស់ នៅក្នុងតំបន់។

លោករដ្ឋមន្ត្រី ក៏បានស្នើដល់ប្រមុខរដ្ឋនៃប្រទេសសមាជិកអាស៊ាន ផ្តោតយកចិត្ត​ទុកដាក់ ទៅលើរបៀបវារៈគន្លឹមួយចំនួនដូចជា៖

១- ពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការអាស៊ាន

២- ធានាថែមទៀតនូវភាពធន តុល្យភាព និរន្តភាព និងការរីកចម្រើនសេដ្ឋកិច្ច សម្រាប់ ទាំងអស់គ្នា

៣- ជំរុញការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥

៤- ពន្លឿនសេចក្តីសម្រេចចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ច ទូលំ ទូលាយក្នុងតំបន់ និង

៥)បន្តជំរុញឧត្តមភាពអាស៊ាន នៅក្នុងកិច្ចសហការកម្រិតតំបន់ និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការដោះស្រយបញ្ហាកម្រិតតំបន់ និងពិភពលោក។

គួររម្លឹកដែរថា កំឡុងពេលបីទស្សវត្សចុងក្រោយ អាស៊ានសម្រេចបាន​នូវវឌ្ឍនភាព​ដ៏​សំខាន់ជាមួយសមិទ្ធិផលជាច្រើន។ ចាប់ពីឆ្នាំ២០០៧ ដល់២០១៥ ផលិតផលក្នុង​ស្រុក​សរុបរបស់អាស៊ានបានកើនឡើងទ្វេដងចំនួន ២,៥ទ្រីលានដុល្លារអាមេរិក ខណៈដែល​ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់បានលើសពី ៨០% គឺស្មើនឹង ៤.០០០​ដុល្លារ​អាមេរិក។ នៅចុងឆ្នាំ ២០១៥ អាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ច ដែលមានឥទ្ធិពល​ខ្លាំងជាង​មុន ពោលគឺអាស៊ានបានក្លាយជាទីផ្សារធំលំដាប់ទី៣ នៅអាស៊ី និងទី៧ នៅលើ​ពិភព​លោក ដែលមានទំហំពាណិជ្ជកម្មធំលំដាប់ទី ៤ បន្ទាប់ពីប្រទេសចិន, អាឡឺម៉ង់, និង​សហរដ្ឋ​អាមេរិក៕

ចែករំលែក

បញ្ចេញយោបល់