លោក អ៊ិត សំហេង អញ្ជើញចូលរួមកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃនៅខ័ណ្ឌចំការមន

ថ្ងៃអាទិត្យ ទី ៣០ មេសា ២០១៧​
117

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធីពិនិត្យសុខភាពដោយឥតគិត​ថ្លៃរបស់​ក្រុមគ្រូ​ពេទ្យស្មគ្រ័ចិត្តជូនបងប្អូនប្រជាពលរដ្ឋនៅខណ្ឌចំការមនដែលរៀបចំឡើងដោយសហភាពសម្ព័ន្ធសហជីពជាតិកម្ពុជា សហការជាមួយសង្កាត់ទាំ១២នៃខ័ណ្ឌចំការមន។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អាជ្ញាធរ​ខណ្ឌ​ចំការមន,​ចៅ​សង្កាត់​ទាំង​១២, សហភាពសហព័ន្ធយុវជនកម្ពុជា

ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន និងសហការី, សម្ព័ន្ធគ្រូពេទ្យ​ស្ម័គ្រ​ចិត្តសហភាពសហព័ន្ធយុវជន​កម្ពុជា និងសភា​សម្ព័ន្ធ​សហជីព​ជា​តិ​កម្ពុជា ដែលមានលោក​ សោម​ អូន ជាប្រធាន​ និង​សហការី, លោក​វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យដែល​បាន​ចូល​រួម​កម្មវិធី​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​របស់​ក្រុម​គ្រូពេទ្យ​ស្មគ្រ័ចិត្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និងកម្មករ កម្មការិនី ក្នុង​ខណ្ឌចំការមន។ នេះជាសកម្មភាពមនុស្សធម៌ និងជាអំពើល្អមួយដែល លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យស្មគ្រ័ចិត្ត​បានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅខណ្ឌ​ចំការមនយើង។ សុខភាព​ពិតជាមានតម្លៃណាស់សម្រាប់មនុស្សគ្រប់គ្នា។

លោក អ៊ិត សំហេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប​ដោយគតិ​បណ្ឌិតរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ដល់​បញ្ហាសុខ​ភាព​ប្រជាពលរដ្ឋយើង ហើយវិស័យ​សុខាភិបាលបានរីកចម្រើនខ្លាំងមានពេទ្យ មានមន្ទីរ​ពេទ្យ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់ប្រជាជន។

ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តដែល​ឧបត្ថម្ភដោយលោក ហ៊ុន ម៉ានី បាន​ធ្វើ​សកម្ម​ភាព​​មនុស្សធម៌​ជា​ច្រើន​ ដើម្បី​ជួយ​ដល់​ប្រជាជន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ដែលកន្លង​មក​បាន​ចុះ​ទៅ​តាម​​កន្លែង​​​ជា​ច្រើន​ ជួយ​ដល់​ប្រជាជន​និង​ កម្មករ​ និយោជិត រាប់​ម៉ឺន​នាក់​ប្រកបដោយ​ប្រសិទ្ធភាព​។ វេជ្ជបណ្ឌិត​លោកគ្រូ​ពេទ្យ​ស្មគ្រ័ចិត្ត​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព​ និង​ទេពកោសល្យ​ ជា​គ្រូ​ពេទ្យជំនាញ​ពិត​ៗ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជឿជាក់​ពីព្រោះ​ពួក​គាត់​សុទ្ធ​តែ​ជា​អ្នក​ធ្វើការ​នៅ​តាម​មន្ទីរពេទ្យ​។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ឆ្នាំនេះប្រជាពលរដ្ឋខ្មែរយើងនិងបងប្អូនកម្មករ នៅ​ក្នុង​ប្រទេស និងក្រៅប្រទេស បានធ្វើបុណ្យចូលឆ្នាំខ្មែរយ៉ាងសប្បាយរីករាយ ដោយសារ​យើងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ហេដ្ឋារចនាសម្ព័ន្ធ​រីកចម្រើន ផ្លូវស្ពាន អាគារខ្ពស់ៗ ផលិតផលស្រូវបរិបូណ៍ កំណើនសេដ្ឋកិច្ចជាតិជា​មធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាមានការងារធ្វើចំនួន៩៩,៣%។

ការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់​កម្មករ​និយោជិត​ចំនួន ១៥៣ ដុល្លា រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី១៧០ ដុល្លារ ទៅ១៨១ដុល្លា សម្រាប់ឆ្នាំ២០១៧។

លោក អ៊ិត សំហេង ក៏បានបញ្ជាក់ថា ​ការលើកលែងការបង់ពន្ធលើប្រាក់អត្ថ​ប្រយោជន៍​ផ្សេងៗរបស់កម្មករនិយោជិត។ ការតបណ្តាញទឹក​និងអគ្គីសនីក្នុងតម្លៃថោកតាមផ្ទះជួល​របស់កម្មករនិយោជិត សិស្ស និស្សិត​ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ​តាមរយៈបេឡា​ជាតិ​របប​សន្តិ​សុខ​សង្គមដូចជារបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធន​និវត្តនៅពេលខាងមុខ ការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១ លានរៀល លើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់​ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណៈភាព អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានាដោយឥតបង់ថ្លៃ ការកាត់បន្ថយ​អត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួល​ជូន​ប្រជាជនកាន់តែច្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាពស្ថិរភាពឱ្យគង់វង្សដើម្បីបន្តការអភិវឌ្ឍន៌ប្រទេសយើងកាន់តែសម្បូរសប្បាយថែមទៀត និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខគ្រប់ៗគ្នា៕

ចែករំលែក

បញ្ចេញយោបល់