នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងថាភាពសុខដុមរមនា និងវឌ្ឍនភាពសង្គមមានភាពអាស្រ័យលើការធានារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ។ លោក បានថ្លែអដូចនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយលោកយាយ លោកតា ដែលជានិវត្តជន អតីតយុទ្ធជន និងយោធិនពិការ នៅទូទាំងស្រុកអូរាំងឪ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់លោកយាយ លោកតា ពូមីង បងប្អូន ក្នុងការស្តារ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។
ក្នុងនាមយុវជនបន្តវេន លោក សាយ សំអាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកយាយ លោកតា ដែលមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ចូលរួមនិងគាំទ្រដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា លោកប្តេជ្ញាបន្តរក្សាការពារឱ្យបាននូវសមិទ្ធផលរបស់ជាតិ ដែលសម្រេចបាន ចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ភាពសុខដុមរមនា និងវឌ្ឍនភាពសង្គមមានភាពអាស្រ័យយ៉ាងផ្ទាល់ទៅនឹងការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់គណបក្សប្រជាជន ក្នុងការធានារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ៕