លោក ស្វាយ ស៊ីថា ចូលរួមបញ្ចុះបឋមសីលាសាងសង់អនុវិទ្យាល័យក្រាំងពង្រ និងបើកការដ្ឋានជួសជុលផ្លូវលំមួយចំនួនក្នុងឃុំកុមារាជា!

ថ្ងៃអាទិត្យ ទី ៣០ មេសា ២០១៧​
258

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្ម នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា សមាជិកក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងក្រុមការងារ បានអញ្ជើញចូលរួមប្រារព្ធពិធីបញ្ចុះបឋមសីលាសាងសង់អនុវិទ្យាល័យមួយកន្លែង ស្ថិតក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

លោក ស្វាយ ស៊ីថា ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្នុងនាមលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ បានចាត់ទុកដំណើរការនៃការបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អនុវិទ្យាល័យក្រាំពង្រ ដែលមាន អគារ១ខ្នង ២ជាន់ ១០បន្ទប់ នៅពេលនេះ បង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិស័យអប់រំ សិក្សា ដើម្បីការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន។ លោក ស្វាយ ស៊ីថា បានបន្ថែមថា អនុវិទ្យាល័យក្រាំងពង្រ គឺជាសមិទ្ធផលថ្មីដែលមិនធ្លាប់មាននៅក្នុងឃុំកុមារាជា ពីព្រោះកន្លងមកក្នុងឃុំនេះ អនុវិទ្យាល័យត្រូវបានខ្ចីទីតាំង បញ្ជ្រៀតគ្នានៅក្នុងសាលាបឋមសិក្សាក្រាំងពង្រដែលមានលក្ខណៈចង្អៀត ហើយចាស់ទ្រុឌទ្រោមទៀត ដែលបណ្តាលឲ្យមានផលវិបាកជាខ្លាំងដល់សិស្សានុសិស្សក្នុងឃុំ ត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីទៅរៀនសូត្រនៅតាមអនុវិទ្យាល័យដែលនៅក្នុងឃុំជាប់នោះ។

ដូច្នេះ យ៉ាងយូរឆ្នាំក្រោយបន្ទាប់ពីអនុវិទ្យាល័យនេះ បានសាងសង់រួចរាល់ នឹងជួយសម្រួលដល់ការលំបាកធ្វើដំណើររបស់ក្មួយៗទាំងអស់គ្នា នេះជាកត្តាសំខាន់នៃការកាត់បន្ថយទាំងពេលវេលា និងថវិកាក្នុងការធ្វើដំណើរផ្លូវឆ្ងាយផងដែរ។

ថវិកាសម្រាប់ការសាងសង់អនុវិទ្យាល័យនេះ ដែលមានទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាការចំណាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាឃុំ ជាពិសេស ក៏មានកិច្ចសហការរបស់បេក្ខជនក្រុមប្រឹក្សាឃុំ ដែលតែងតែចូលរួមគិតគួរជានិច្ចក្នុងភូមិឃុំ ដើម្បីការចូលរួមធានារក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយនូវភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយកម្រិត។

ក្នុងឱកាសនោះ លោក ស្វាយ ស៊ីថា ក៏បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សប្រមាណជិត៣០០នាក់ ដែលបានចូលរួមបញ្ចុះបឋមសីលា សាងសង់អនុវិទ្យាល័យ ត្រូវខិតខំរៀនសូត្រ និងធ្វើជាពលរដ្ឋល្អ ដើម្បីអនាគតដ៏រុងរឿងរបស់ខ្លួនម្នាក់ៗ ដោយលោក ស្វាយ ស៊ីថា បានចាត់ទុកឃុំកុមារាជា ជាមួយនឹងពាក្យ១ឃ្លាថា ” ឃុំកុមារាជា គឺជាបេះដូងរបស់ខ្ញុំ”។

បន្ទាប់ពីបញ្ចុះបឋមសីលាសាងសង់អនុវិទ្យាល័យរួចហើយ លោក ស្វាយ ស៊ីថា និងក្រុមការងារ សមាជិកក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ យុវជន និងប្រជាការពារក្នុងឃុំ ក៏បានបន្តកម្មវិធីទី២ គឺបើកការដ្ឋានជួសជុលផ្លូវមួយខ្សែ ជាផ្លូវអាទិភាពក្នុងឃុំ ដែលពីមុនមកដល់បច្ចុប្បន្ននេះ ផ្លូវនោះដាច់ខូចខាត និងជង្ហុកខ្លាំង ពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវមួយខ្សែពីវត្តក្រាំងពង្រឆ្លងកាត់ភូមិសិរីមានជោគ ភូមិព្រៃស្លែង និងឃុំសូភី ឆ្ពោះទៅផ្លូវជាតិលេខ៣ រួមទាំងផ្លូវក្នុងភូមិចំនួន២ខ្សែទៀតដែលត្រូវជួសជុល គឺជាការចំណាយរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមារាជានិងសប្បុរសជន រួមជាមួយថ្នាក់ដឹកនាំនៃស្រុកបាទី។

លោកតា សុន សំអុល និងលោក អៀម អុន តំណាងអ្នកភូមិព្រៃស្លែង បានថ្លែងអំណរគុណដល់ក្រុមការងារ ដោយបានរៀបរាប់ពីការលំបាកក្នុងការធ្វើដំណើរកន្លងមកលើផ្លូវដែលដាច់ខូចនេះ ។ ប៉ុន្តែ លោកបានសម្តែងការសប្បាយចិត្តជាខ្លាំងដែលបានឃើញគ្រឿងចាក់កំពុងឈូសឆាយជួសជុលផ្លូវឲ្យល្អឡើងវិញ។ ជាមួយនឹងការសប្បាយចិត្ត លោកទាំងពីបានប្តេជ្ញានឹងការសមិទ្ធផលនេះឲ្យបានយូរអង្វែង និងបន្តបោះឆ្នោតគាំទ្រ រាជរដ្ឋាភិបាលបន្តទៀត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

បន្ទាប់មកលោក ស្វាយ ស៊ីថា ក៏បានជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ ដោយបានណែនាំឲ្យបេក្ខជនទាំងអស់ត្រូវគោរពឲ្យបានត្រឹមត្រូវនូវច្បាប់ និងបទដ្ឋានគតិយុត្តនានា ជាពិសេសក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ និងក៏ត្រូវតែពង្រឹងកិច្ចសហការ និងការឯកភាពផ្ទៃក្នុងគ្នាឲ្យបានល្អប្រសើរ និងត្រូវតែខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការជួយសម្រួល និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ បន្ទាប់មក លោក ស្វាយ ស៊ីថា ក្រុមការងារ យុវជន ក្រុមប្រឹក្សាឃុំ និងប្រជាការពារ ក៏បានជួបជុំគ្នាពិសារនំបុ័ងសម្លរការី រួមគ្នា ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលជាភាតរបំផុត៕

អត្ថបទ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា!