ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ភាពរឹងមាំរបស់អាស៊ាន ត្រូវប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក

ថ្ងៃសៅរ៍ ទី ២៩ មេសា ២០១៧​
226

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងថា ការ​ប្រកាន់ខ្ជាប់គោល ការណ៍មិនជ្រៀងជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាសមាជិក និង​គោល​ការណ៍​កុងសង់ស៊ីស គឺជាបុព្វហេតុដ៏សំខាន់ក្នុងការកសាងភាពរឹងមាំ​របស់អាស៊ាន​ទាំងអតីតកាល និងទៅថ្ងៃមុខបន្តទៀត។ លោក បានថ្លែងដូចនេះ​ក្នុងឱកាសឡើងថ្លែង​សុន្ទរកថា បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងជាផ្លូវការនៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅចំពោះមុខមេដឹកនាំអាស៊ាន និងអ្នកចូលរួមរាប់រយនាក់ ដោយមានការផ្សាយផ្ទាល់​តាមទូរទស្សន៍ជាតិរបស់ហ្វីលីពីនផងនោះ លោក ហ៊ុន សែន បានថ្លែងថា «ភាពរឹងមាំ​នៃអាស៊ានក្នុងពេលកន្លងមកនិងតទៅមុខទៀតពឹងផ្អែកចម្បងទៅលើការប្រកាន់ខ្ជាប់លើគោលការណ៍នានា ដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ជាពិសេសគោលការណ៍​មិន​ជ្រៀត​ជ្រែកកិច្ចការផ្ទៃក្នុង និងគោលការកុងសង់ស៊ីស។ ហេតុនេះគ្រប់រដ្ឋជាសមាជិកត្រូវតែ​ពង្រឹង​ការគោរព និងការអនុវត្តន៍វិធានការ និងកតាព្វកិច្ចនានាដែលមានចែងក្នុង​រដ្ឋធម្មនុញ្ញអាស៊ាន ដើម្បីធានាសមភាពនៃការសម្រេចចិត្តព្រមទាំងការរួមចំណែក របស់ប្រទេសជាសមាជិក​អាស៊ាននីមួយៗប្រកបដោយការទទួលខុសត្រូវក្នុងការជំរុញកសាងសហគមន៍អាស៊ានទៅមុខទៀត»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានគូសបញ្ជាក់ជាមួយសំណួររបស់អ្នកសារព័ត៌មាននៅ​ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីសផងដែរ អាស៊ាន នឹងគ្មាន​ជោគវាសនាបែកបាក់គ្នានៅសហគមន៍អឺរ៉ុបនោះឡើយ ការមិនបែកបាក់គ្នានេះ ដោយសារ​តែប្រទេសជាសមាជិកអាស៊ានទាំងអស់ មានការរួបរួមមួយដ៏ល្អ ឈរលើស្មារតីនៃ​កិច្ចសហ​ប្រតិបត្តិការដោយស្មើមុខ ស្មើមាត់ ហើយជាពិសេសប្រទេសសមាជិកអាស៊ាន គ្មានអ្នកធ្វើ​បង​ធំនោះឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នេះ។ ក្នុងពិធីបើកកិច្ចប្រជុំនោះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានស្វាគមន៍ប្រមុខដឹកនាំអាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូល​រួម​​​ក្នុងកិច្ចប្រជុំកំពូលនេះ ដែលផ្តោតលើប្រធានបទរួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួម​ចំណែកជាមួយពិភពលោក។ លោកប្រធានាធិបតីបានបន្តថា «យើងជួបជុំគ្នាថ្ងៃនេះ គឺ​មានទស្សនៈ និងគោលដៅរួមឆ្ពោះទៅមុខដើម្បីផលប្រយោជន៌រួម។ ទោះបី​កិច្ចការ​យើង​មិនទាន់បានជោគជ័យទាំងស្រុង ហើយកំពុងមានបញ្ហាប្រឈម​មួយចំនួន ក៏ប៉ុន្តែយើងពោរ​ពេញដោយក្តីសង្ឃឹមថាអាស៊ាននឹងកាន់តែរីក លូតលាស់ដែលនាំមកនូវផលប្រយោជន៍​ទាំង​ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច»

ក្រោយពីបញ្ចប់កិច្ចប្រជុំមក ប្រមុខដឹកនាំប្រទេសទាំង១០ បានអញ្ជើញពិសារ​អាហារ​ថ្ងៃត្រង់ ហើយបន្តការពិភាក្សាចង្អៀតបន្ថែមទៀត។ នៅរសៀលថ្ងៃដដែលនេះ ប្រមុខដឹកនាំ​ប្រទេសសមាជិកអាស៊ានទាំង១០ បាន​ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍​រួមស្តីពី​លទ្ឋផលនៃកិច្ចព្រមព្រៀងមួយចំនួនដែលបានពិភាក្សា និងបានសម្រេច។

កិច្ចប្រជុំកំពូលអាស៊ាន ក៏ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ៕

ចែករំលែក

បញ្ចេញយោបល់