លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ទស្សនទានចំនួន ៦ចំណុច ក្នុងទិសដៅពន្លឿនចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជាទិសដៅទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យប្រសើរឡើងនូវស្នូលរបស់អាស៊ាន។
ការថ្លែងផ្តល់នូវទស្សនទាន បានធ្វើឡើងក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ាននាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការបង្កើតសហគមន៍អាស៊ាន ក្នុងរយៈ៥០ឆ្នាំមកនេះ អាស៊ានបានក្លាយទៅជាសហគមន៍សេដ្ឋកិច្ច នយោបាយ និងសង្គម វប្បធម៌ មួយដ៏រឹងមាំ មានភាពចាស់ទុំ មានសាមគ្គីភាពខ្ពស់ មានការអភិវឌ្ឍ រក្សាបាននូវសុខសន្តិភាព ស្ថិរភាព ជាពិសេសភាពអត់ធន់ ហើយជម្នះបាននូវវិបត្តិធំៗជាច្រើន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ភាពជោគជ័យរួមគ្នារបស់អាស៊ាន បាននិងកំពុងបង្កើតបរិយាកាសអំណោយផលមួយសម្រាប់ធានាសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ដើម្បីសម្រេចគោលដៅចក្ខុវិស័យសហគមន៍ឆ្នាំ២០២៥នេះ លោក បានផ្តល់នូវទស្សនទានចំនួន ៦ចំណុចរួមមាន៖
១- ការបន្តរក្សាបាននូវសន្តិភាព និងសន្តិសុខតំបន់គឺជារឿងសំខាន់ សម្រាប់វិបុលភាព និងកំណើនក្នុងតំបន់អាស៊ានទាំងមូល។ ក្នុងន័យនេះអាស៊ានត្រូវពង្រឹងតួនាទី និងសមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីលើកកម្ពស់ការសិក្សា និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន សំដៅដោះស្រាយបញ្ហាពាក់ព័ន្ធសន្តិសុខ និងសន្តិភាពតំបន់។
២- បន្តធ្វើការបន្ថែមទៀតដើម្បីលើកកម្ពស់ភាពស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដែគូរបស់យើងក្នុងកម្រិតពិសេសតាមរយៈក្របខ័ណ្ឌអាស៊ាន១ និងអាស៊ានបូក៣ ដោយផ្នែកលើយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
៣- ត្រូវបន្តខិតខំធានាកំណើនសដ្ឋកិច្ចអាស៊ានប្រកប ដោយភាពរឹងមាំ ចីរភាព និងបរិយាប័ន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍ ដោយបន្តការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវផែនការសមាហរណកម្មអាស៊ាន ដំណាក់កាលទី៣ (ASEAN Integration Work plan III) ដែលជាផ្នែកមួយនៃចក្ខុវិស័យអាស៊ាន២០២៥ ឆ្ពោះទៅមុខទាំងអស់គ្នា។
៤- ការតភ្ជាប់គឺជាស្នូល និងជាក្បាលម៉ាស៊ីនដ៏មានថាមពល ក្នុងការសម្រេចបានសមាហរណកម្មស៊ីជម្រៅ និងចក្ខុវិស័យរបស់អាស៊ាន។ ដូច្នេះអាស៊ានត្រូវពន្លឿនការអនុវត្តន៍ផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥ (Master plan on ASEAN Connectivity 2025) ដើម្បីផ្តល់ប្រយោជន៍ដល់សមាជិកអាស៊ានទាំងអស់តាមរយៈការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងការផ្សាភ្ជាប់រវាងមនុស្សតាមគ្រប់រូបភាពក្នុងទិសដៅបង្កើនសមត្ថភាពប្រកួតប្រជែង ភាពរីកចម្រើន ភាពធននៃសេដ្ឋកិច្ច និងភាពសហគមន៍តែមួយ។
៥- ការជំរុញសម្រេចឱ្យបានឆាប់រហ័សនៃកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ សំដៅកសាងតំបន់ពាណិជ្ជកម្មសេរីដ៏ធំសម្បើមមួយនៅក្នុងតំបន់អាស៊ីបូព៌ា។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ អាចនឹងក្លាយទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយមានអាស៊ានជាឆ្អឹងខ្នង។
៦- ភាពរឹងមាំនៃអាស៊ានក្នុងពេលកន្លងមក និងតទៅមុខទៀតពឹងផ្អែកចម្បងទៅលើការប្រកាន់ខ្ជាប់លើគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធមនុញ្ញអាស៊ាន ជាពិសេសគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោលការណ៍កុងសង់ស៊ីស។ ហេតុនេះគ្រប់រដ្ឋជាសមាជិកត្រូវតែពង្រឹងការគោរព និងការអនុវត្តន៍វិធានការ និងកាតព្វកិច្ចនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអាស៊ាន ដើម្បីធានាសមភាពនៃការសម្រេចចិត្តព្រមទាំងការរួមចំណែករបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗប្រកបដោយការទទួលខុសត្រូវក្នុងការជំរុញកសាងសហគមន៍អាស៊ានទៅមុខទៀត៕