នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុង Philippines International Convention Center (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅក្នុងការអញ្ជើញមកដល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៧នេះ។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល អគ្គលេខាធិការអាស៊ាន មន្ត្រីអាស៊ាន សមាជិកគណ:ប្រតិភូ និងភ្ញៀវកិត្តិយសជាច្រើនរូប។ លោកប្រធានាធិបតី Rodrigo Duterte ប្រធានអាស៊ានបានអានសន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំកំពូល ហើយនៅក្នុងនោះក៏មានការសម្ដែងរបាំសិល្បៈ ចម្រៀង អាស៊ាន ដោយសិល្បករ សិល្បការិនីល្បីៗ ជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន និងបន្ទាប់មកមានពិធីថតរូបអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំអាស៊ាន និងភរិយាផងដែរ។
បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គជាមួយបណ្ដាមេដឹកនាំអាស៊ានទាំងអស់ផងដែរ៕