នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តម សេនី យ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួបសំណេះ សំណាល និងពិសារអាហារសាមគ្គីជាមួយសិស្ស-និស្សិតដែលមានលំនៅដ្ឋាននៅខេត្តបន្ទាយមានជ័យមកបន្តការសិក្សានៅខេត្តសៀមរាប ចំនួន៣០០នាក់ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើការផ្តាំផ្ញើដល់ប្អូនក្មួុយៗជានិស្សិតទាំងអស់ដូចជា៖
១-ត្រូវរក្សាឱ្យបាននូវការរាប់អាននិងចេះជួយគ្នាក្រោមពាក្យបណ្តាំនៅផ្ទះម្តាយទទៃ នៅព្រៃម្តាយជាមួយ
២-បន្តរក្សាចលនាវប្បធម៌ផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងរវាងគ្នាតាំងពីភ្នំពេញដល់បន្ទាយមានជ័យ
៣-បន្តជួយផ្សព្វផ្សាយពីគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
៤-ចូលរួមជាមួយរក្សាឱ្យបាននូវសន្តិភាព និងសន្តិសុខនៅមូលដ្ឋានរស់នៅ ធ្វើជាយុទ្ធជនប្រឆាំងគ្រឿងញៀន មិនមែនយុទ្ធជនប្រើប្រាស់គ្រឿងញៀនទេ !
៥-ក្មួយទាំងអស់ត្រូវតែខិតខំសិក្សាស្រាវជ្រាវដើម្បីសម្រេចឱ្យបាននូវបំណងខ្លួនឯង ឪពុក ម្តាយ អាណាព្យាបាល និងអ្នកគាំទ្រ
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគាំទ្រមូលនិធិទាំងអស់ និងបានជូនពរដល់អ្នកចូលរួមទាំងអស់ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ និងសុខសប្បាយរីកចម្រើនទាំងអស់គ្នាក្នុងឱកាសឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ។
ជាទីបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភថវិកាទាំង៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០ម៉ឺនរៀល និងអាវភ្លៀង១ ផងដែរ ៕