ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គមបម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន (វគ្គ ៥)

ថ្ងៃសៅរ៍ ទី ២៩ មេសា ២០១៧​
177

នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយជាបន្តនូវវគ្គ​ “បែកការណ៍អស់” ស្តីពីផែនការបីខែរបស់ ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គមបម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន (វគ្គ ៥)​ ដែលមានខ្លឹមសារដូចខាងក្រោម៖

ឆ្នាំថ្មី ឆ្នាំរកាចូលមកដល់ ទេវតាហាក់ដូចជាមិនផ្តល់ពរជ័យឱ្យ ជុន ច័ន្ទបុត្រ សោះ ខំជិះយន្តហោះ ជាង ១ ម៉ឺនគីឡូម៉ែតស្ពាយទាំងលុយ និងផែនការសម្ងាត់បីខែដើម្បីមកជួយបក្សប្រឆាំងក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់តាមរយៈជំនាញខាងបំប៉ោង បំភ្លៃ បំផ្លើស និងបំភ័ន្តរបស់ខ្លួនដោយប្រើប្រាស់វិទ្យុអាស៊ីសេរីជាមធ្យោបាយបំពងសំឡេង ប៉ុន្តែទីបំផុតត្រូវបានបែកការណ៍អស់ ហើយ ជុន ច័ន្ទបុត្រ ខ្លួនឯងក៏ ថែមទាំងកំពុងជំពាក់វាក់វិននឹងសំណុំរឿងព្រហ្មទណ្ឌ ពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួន ចូលពន្ធនាគារ។

ជុន ច័ន្ទបុត្រ ខឹងសម្បារយ៉ាងខ្លាំងនឹងការទម្លាយព័ត៌ មានពីផែនការសម្ងាត់របស់ខ្លួននេះ និងបានបញ្ជាឱ្យមានការតាមដានផ្ទៃក្នុងបុគ្គលិកអាស៊ីសេរីទៀតថាតើហេតុអ្វីបានជាផែនការរបស់ខ្លួនត្រូវបាន ចៅចាក់ស្មុកដឹង និងយកទៅចុះផ្សាយ?

ផែនការទាំងអស់របស់ ជុន ច័ន្ទបុត្រ ដែលរៀបចំមកក្រោមការសម្របសម្រួលរបស់ចៅហ្វាយនាយបរទេសដែលមានរបៀបវារៈនយោបាយចង់ផ្លាស់ប្តូររបបនៅកម្ពុជា និងដោយមានកិច្ចសហការជាមួយបក្សប្រឆាំង សង្គមស៊ីវិលលម្អៀង និងអ្នកវិភាគផ្កាប់មុខមួយ ចំនួននឹងគ្មានអ្នកដឹកនាំរឿងដោយផ្ទាល់ ប្រសិនបើក្នុងករណី ជុន ច័ន្ទបទ ត្រូវបានគេចោទប្រកាន់ ជំនុំជម្រះក្តី និងរករកឃើញថាបានប្រព្រឹត្តល្មើស និង មានពិរុទ្ធភាពពិតមែន ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ឬគេចពីការចោទប្រកាន់ រត់ភៀសខ្លួន ទៅសហរដ្ឋអាមេរិកវិញ។

ជុន ច័ន្ទបុត្រ ខ្លួនឯងក៏បានថ្លែងថា បើអង្គភាពរបស់ខ្លួនអនុញ្ញាតឱ្យទៅបំពេញការងារនៅទីស្នាក់ការវិទ្យុអាស៊ីសេរីនៅទីក្រុងវ៉ាស៊ីតោនវិញ គឺខ្លួននឹងទៅភ្លាម បើសិនជាប់គុក គឺខាតច្រើនណាស់។ នេះមានន័យថាជុន ច័ន្ទបុត្រ មានការសោកស្តាយយ៉ាងខ្លាំង ប្រសិនបើផែនការខ្លួនត្រូវបរាជ័យ មិនអាចជួយបក្សប្រឆាំងបាន មិនអាចសម្រេចបំណងប្រាថ្នាយកវិទ្យុអាស៊ីសេរីមកប្តូររបបដូចនៅភូមាបាន។

ធ្វើបុណ្យ បុណ្យជួយ! ធ្វើបាប គុករត់តាមរក! ប្រហែលជាដោយសារតែគំនិតអាក្រក់ និងការធ្វើ អំពើអាក្រក់របស់ ជុន ច័ន្ទបុត្រ ហើយ បានជាព្រះឥន្ទ្រមិនជួយ ប៉ុន្តែបានជួយពពួកទេវតាដែលធ្វើអំពើល្អ ដែលបានជួយថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍដែលប្រជារាស្ត្រមានឱ្យបានសុខ ហើយទេវតាក៏មិនអាចនឹងជួយប្រោសមនុស្សដូច ជុន ច័ន្ទបុត្រ នេះដែរ។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ ជុន ច័ន្ទបុត្រ ដែលមានឋានៈជាជនសង្ស័យនៅពេលនេះនឹងត្រូវចូលខ្លួនតាមការកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងព្រហ្មទណ្ឌដែលខ្លួនត្រូវបានចោទប្រកាន់ថាធ្វើសេចក្តីប្រកាស ដោយភូតកុហក បន្លំខ្លួនចូលក្នុងពន្ធនាគារ។

តើវាសនារបស់ ជុន ច័ន្ទបុត្រ នឹងទៅជាយ៉ាងណា?
នៅមិននៅ ទៅចូលក្នុងគុក គេមិនអនុញ្ញាតឱ្យចូលដោយសារតែច្បាប់មិនអនុញ្ញាតនាំគ្នាទៅបន្លំខ្លួនចូល។ ពិតជានាំរឿងដាក់ខ្លួនមែន! ខូចមិនមើលក្បួន! ធ្លាប់បន្លំ បំភ្លៃ បំភ័ន្ត ញុះញង់លើការផ្សព្វផ្សាយព័ត៌មានបាន ដល់ពេលបន្លំនៅក្នុងដែនសមត្ថកិច្ចបន្លំក្នុងច្បាប់! ទៅមិនរួចទេ កុំភ្លេចថាជង់ភ្លេចកុក មានតែកុកដូច ជុន ច័ន្ទបុត្រ ទេដែលភ្លេចជង់។

តំណាងរាស្ត្រ ឡុង រី និង មូរ សុខហួរ បានចូលខ្លួនទៅឆ្លើយនៅក្នុងនាមជាសាក្សីនៅចំពោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ និង ២៨ ខែមេសា ឆ្នាំ ២០១៧ ទាក់ទងនឹងបទចោទពីការធ្វើសេចក្តីប្រកាសដោយភូតកុហក ការបន្លំចូលក្នុងពន្ធនាគារដែលត្រូវបានចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យ ជុន ច័ន្ទបុត្រ។ ការចូលខ្លួននេះគឺការបង្ហាញពីការយល់ដឹងច្បាប់ និងឆ្លងតាមបទពិសោធន៍ដែលមេបក្ស កឹម សុខា ធ្លាប់ជាប់ជំពាក់នឹងច្បាប់ជាច្រើនខែដោយសារតែមានៈមិនចូលខ្លួន តាមការកោះហៅអាងអភ័យឯកសិទ្ធិសភា។ ដូច្នេះឡុង រី និងមូរ សុខហួរ បង្ហាញការអនុវត្តតាមនីតិវិធី ច្បាប់ដោយមិនយកអភ័យឯកសិទ្ធិសភាមកកាងខ្លួនទៀតឡើយ។ ការចូលខ្លួននេះធ្វើឱ្យ ឡុង រី និងមូរ សុខហួរ អាចគេចបានពីការប្រកាសសង្គ្រាមនឹងច្បាប់។

ឥឡូវនេះ ភារកិច្ចជាសាក្សីរបស់ឡុង រី និងមូរ សុខហួរ បានបញ្ចប់ហើយ ចម្លើយក្នុងនាមជាសាក្សី លើឧប្បត្តិ ហេតុដែលកើតឡើង ក៏ត្រូវបានផ្តល់រួចរាល់ហើយដែរដល់ព្រះរាជអាជ្ញា។ តើឧប្បត្តិហេតុកើតឡើង និងចម្លើយសាក្សីផ្តល់ឱ្យមានភាពស៊ីសង្វាក់គ្នាយ៉ាងណានោះ គឺជាភារកិច្ចរបស់អយ្យការធ្វើសេចក្តី សន្និដ្ឋាន មុននឹងឈានដល់ការស្តាប់ចម្លើយជនសង្ស័យ ជុន ច័ន្ទបុត្រ ដែលត្រូវបានកោះហៅឱ្យចូលខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះដើម្បីឆ្លើយនឹងសំណួររបស់អយ្យការលើបទចោទព្រហ្ម ទណ្ឌទាំងឡាយប្រឆាំងនឹងខ្លួន។ យោងតាមឯកសារភស្តុតាង ជុន ច័ន្ទបុត្រ ក្រោមការសម្របសម្រួល របស់ ឡុង រី បានក្លែងឋានៈពីអនុប្រធានវិទ្យុអាស៊ីសេរីខេមរៈភាសាមកជាជំនួយការរបស់តំណាងរាស្ត្រ ដើម្បីឱ្យស្របនឹងលិខិត អនុញ្ញាតរបស់ប្រធានពន្ធនាគារដើម្បីបន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។

យីអ៊ុនក៏ដាក់ អារក្ខក៏ជាន់! បើតាមព័ត៌មានក្រៅផ្លូវការ សក្ខីកម្មដែលផ្តល់ដោយសាក្សី ឡុង រី និង មូរ សុខហួរ គឺជាមានភស្តុតាងដែលគេជឿថា ជាភស្តុតាងដាក់បន្ទុកលើ ជុន ច័ន្ទបុត្រ បន្ថែមលើភស្តុតាងជាក់ស្តែងរូបថតនិងវីដេអូដែលបង្ហាញពីការលាក់លៀមរបស់ ជុន ច័ន្ទបុត្រ ពេលបន្លំខ្លួនជាជំនួយការដើម្បីចូលទៅក្នុងពន្ធនាគារដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចរដ្ឋ។ ខំលះបង់កម្លាំងកាយ កម្លាំងទឹកលុយបម្រើបក្សប្រឆាំង។ បើចម្លើយដូចអ្វីដែលលេចធ្លាយមែននោះបញ្ជាក់ថា សក់អ្នកណាក្បាលអ្នកនោះហើយ ជុន ច័ន្ទបុត្រ។ ចៅចាក់ស្មុកជឿថាតំណាងរាស្ត្រទាំងពីរមិនជ្រើសរើសឆ្លើយសំណួរដាក់បន្ទុកលើខ្លួនឯងទេ តែនឹងត្រូវរកអ្នកផ្សេងមកជំនួស។ ធ្វើនយោបាយ គេមិនខ្លាចចំណាយមនុស្សទេ! ដើម្បីមហិច្ឆតាអំ ណាច ទោះបីជាអ្នកស្និទ្ធយ៉ាងណាក៏ដោយ ក៏គេមិនយោគយល់ដែរ! តើ ឡុង រី ដែលជាអ្នកប្រាប់សមត្ថកិច្ចដោយក្លែងឋានៈ ជុន ច័ន្ទបុត្រ ថាជាជំនួយការ ហ៊ានឆ្លើយដាក់បន្ទុកខ្លួនឯងទេ? ហ៊ានទទួលកំហុសជំនួសជុន ច័ន្ទបុត្រទេ? ប្រហែលជាមិនហ៊ានទេ! ចុះមូរ សុខហួរ វិញ? កាន់តែមិនហ៊ានទៀត ព្រោះមូរ សុខហួរគឺជាបេក្ខភាពសម្រាប់តំណែងអនុប្រធានបក្សព្រះអាទិត្យ ម៉េចនឹងហ៊ានឆ្លើយដាក់បន្ទុកខ្លួនឯង? ចឹង ជុន ច័ន្ទបុត្រ ទ្រាំបន្តិចទៅ។ នេះគឺជាអ្នកនយោបាយអង្ករកំប៉ុងហើយ!

ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីមានបញ្ហានេះឡើង ជុន ច័ន្ទបុត្រ ត្រូវបានគេរាយការណ៍ថាហាក់ដូចជាមានភាពតក់ស្លុតខ្លាំង ភ័យព្រួយក្នុងចិត្តជានិច្ច ទឹកមុខក៏មិនស្រស់ថ្លា មុខអព្វរស្មី គ្មានហុងសុយ! សម្តីក៏មិនសូវលះបែបមោទនភាព និង អំនួតនៅមុនពេលកើតឧប្បត្តិហេតុដែរ! ពេលនេះគឺជាពេលដែល ជុន ច័ន្ទបុត្រ និងក្រុមរបស់ខ្លួន វាយតម្លៃភស្តុតាងដែលផ្តល់ដោយ ឡុង រី និងមូរ សុខហួរ ហើយធ្វើសេចក្តីសន្និដ្ឋានមួយថា តើពេលដែលខ្លួនចូលទៅតុលាការនៅថ្ងៃទី២ ខែឧសភា អាចមានវាសនាដូច គឹម សុខ កូនចឹងរបស់ខ្លួនដែរឬទេ?

ជុន ច័ន្ទបុត្រ ក៏កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវការផ្តល់ភ្លើងខៀវពីចៅហ្វាយបរទេសរបស់ខ្លួន តើត្រូវនៅបន្តតតាំងផ្លូវច្បាប់ ឬក៏ត្រូវវេចបង្វេច? បើចៅហ្វាយនាយខ្លួនរុញឱ្យ ជុន ច័ន្ទបុត្រ ប្រឈមនឹងច្បាប់នៅកម្ពុជាពេលនេះ គឺអាចមានន័យថាចៅហ្វាយនាយខ្លួនចង់ព្រមាន ជុន ច័ន្ទបុត្រ ឱ្យបានយល់ពីក្រមសីលធម៌វិជ្ជាជីវៈដែលវិទ្យុអាស៊ីសេរីមាន កុំឱ្យរំលោភច្បាប់បន្តទៀត៕

ដោយ៖ ចៅចាក់ស្មុក

ចែករំលែក

បញ្ចេញយោបល់