លោកឧបនាយរដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសមួយ ដែលជំរុញឱ្យអភិបាលរាជធានី-ខេត្ត បន្ដការយកចិត្តទុកដាក់ត្រួតពិនិត្យ និងណែនាំដល់មន្ដ្រីក្រោមឱវាទ អំពីការផ្ដល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋ។
សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ក៏បញ្ជាក់ថា ដើម្បីទប់ស្កាត់បាតុភាពអសកម្មផ្សេងៗ ក្រសួងមហាផ្ទៃ ស្នើអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ជំរុញការពង្រឹងការអនុវត្ត ធ្វើការត្រួតពិនិត្យ និងណែនាំដល់មន្ដ្រីក្រោមឱវាទឱ្យបំពេញការងារភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវារដ្ឋបាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាមួយនឹងការជំរុញបែបនេះ លោក ស ខេង ក៏បានសម្ដែងនូវការកោតសរសើរដល់រដ្ឋបាលរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវារដ្ឋបាលល្អប្រសើរ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕