ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៩គ្រួសារ នៅស្រុកលំផាត់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ទទួលបានអំណោយសប្បុរសធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនៈគិរី ដឹកនាំដោយលោក ថង សាវុន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត។
ពលរដ្ឋដែលទទួលបានការយកចិត្តទុកដាក់ នាឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សាខាកាកបាទក្រហមកម្ពុជា ជាពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជាអំណោយសប្បុរសធម៌ ចែកជូនពួកគាត់ ក្នុងគ្រាដែលពួកគាត់ជួបប្រទះទុក្ខលំបាក។
ជាមួយគ្នានោះ លោក ថង សាវុន ផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ និងខិតខំបង្កបង្កើនផល ជួសជុលលំនៅដ្ឋានដែលខូចខាតឡើងវិញ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចុះជួយអន្តរាគមន៍ និងរាយការណ៍ភ្លាមៗ ចំពោះព្រឹត្តិការណ៍ ហេតុការណ៍ណាដែលមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា សម្ភារៈដែលផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ឃីត (មុង ភួយ សារ៉ុង ក្រមា)១កញ្ចប់, ទឹកសុទ្ធអង្គរពូរ៉ូ២កេស និងថវិកាមួយចំនួនតាមស្ថានភាពធ្ងន់ស្រាល៕