លោក ហ៊ុន ម៉ាណែត​៖ ប្រជាពលរដ្ឋត្រូវពង្រឹងគោលជំហរ មិនត្រូវជឿ​លើការបោក​ប្រាស់របស់​ក្រុមអគតិ​ ដែលតែង​ប្រើល្បិចកល​ចង់ផ្តួលរំលំ​រាជរដ្ឋាភិបាល​

ថ្ងៃសុក្រ ទី ២៨ មេសា ២០១៧​
112

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ព្រះសង្ឃ គណៈកម្មការវត្តគាថាវង្ស ស្ថិតក្នុងភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិចសហការជាមួយអាជ្ញាធរស្រុកបន្ទាយមាស បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសាលាទទួលភ្ញៀវមួយខ្នង បន្ទាប់ពីសាងសង់រួចជាស្ថាពរ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត។

សំណេះសំណាលក្នុងពិធីនេះដែរ លោក ហ៊ុន ម៉ាណែត​ បានជម្រាបដល់ប្រជាពលរដ្ឋឱ្យពង្រឹងគោលជំហរ ដោយមិនត្រូវជឿលើគោលនយោបាយបោកប្រាស់របស់ក្រុមអគតិ ដែលតែងប្រើល្បិចកលផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈការសន្យាខ្យល់នោះឡើយ។

នៅក្នុងពិធីនោះដែរ លោក ចាន់ ចេស្តា ក៏បានធ្វើការផ្តាំផ្ញើ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ថា ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន គឺការបោះឆ្នោតគាំទ្រកិច្ចដឹកនាំដ៏ត្រឹមត្រូវដែលមានគោលនយោបាយច្បាស់លាស់ ដោយរក្សាបាននូវសន្តិភាព និងស្ថេរភាពសង្គម នោះគឺការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕

ចែករំលែក

បញ្ចេញយោបល់