ចម្លើយការពិតរបស់តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិទាំងពីររូបគឺលោក ឡុង រី និងលោកស្រី មូរ សុខហួរ នៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារបស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា សុទ្ធសឹងតែជាចម្លើយដាក់បន្ទុកទៅលើជនសង្ស័យ។
មន្រ្តីដដែលរូបនោះទម្លាយប្រាប់យ៉ាងដូច្នេះថា ចម្លើយការពិតរបស់តំណាងរាស្ត្រទាំងពីរ (ឡុង រី និង មូរ សុខហួរ) នឹងអាចធ្វើឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ ជាប់ពន្ធនាគារតែម្តង នៅថ្ងៃដែលចូលមកបំភ្លឺ។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ចម្លើយរបស់លោកស្រី ដែលផ្តល់ជូនតុលាការនេះ គឺជាការពិត ពាក់ព័ន្ធនឹងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា។ លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកស្រីបានមកបំពេញកាតព្វកិច្ចតាមដីកាកោះ នៃតុលាការក្រុងភ្នំពេញ ហើយចម្លើយរបស់លោកស្រី គឺជាការពិត។
មេធាវីរបស់គណបក្សសង្រ្គោះជាតិ លោក សំ សុគង់ បានអះអាងថា លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាននិយាយការពិតប្រាប់ដល់តំណាងអយ្យការ អំពីអ្វីដែលលោកបានឃើញ បានដឹង និងបានលឺ ជុំវិញសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា។
លោក សំ សុគង់ បានអះអាងដូចនេះបន្ទាប់ពី លោក ឡុង រី ចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដើម្បីផ្តល់សក្ខីកម្មជូនតុលាការ អំពីសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការដើម្បីកោះហៅ លោកស្រី មូរ សុខហួរ លោក ឡុង រី និង លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺចំពោះសំណុំរឿងបន្លំចូលពន្ធនាគារ។ ជនសង្ស័យ ជុន ច័ន្ទបុត្រ នឹងត្រូវចូលខ្លួនបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕