នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រធានគណៈកម្មាធិការកម្ពុជា និងលោក យ៉ាង ជាឈី ប្រធានគណៈកម្មាធិការចិនធ្វើជាសហប្រធានក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៤ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
លោកឧបនាយរដ្ឋមន្ត្រី ហោណាំហុង បានលើកឡើងថា ទស្សនកិច្ចរបស់លោក យ៉ាង ជាឈី ពិតជាមានសារៈសំខាន់ណាស់ តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងមិត្តភាពដ៏ប្រពៃ និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។
នៅក្នុងឱកាសនោះដែរភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ហើយកិច្ចប្រជុំនេះក៏បានពិភាក្សាត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិនដែលនឹងមានឯកសារជាច្រើនត្រូវចុះហត្ថលេខា និងមានផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីអំពី «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៤នេះដែរ ភាគីទាំង២ មានការឯកភាពគ្នាលើគ្រប់វិស័យជាច្រើន រួមមានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល រវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរួមមាន ពាណិជ្ជកម្ម ការវិនិយោគ ជំនួយកសិកម្ម និងទេសចរណ៍ បញ្ហាសន្តិសុខ កងទ័ព ពាណិជ្ជកម្ម និងជំរុញអ្នកទេសចរណ៍ចិនឱ្យមកទស្សនាកម្ពុជា ឱ្យបានចំនួន ២លាននាក់ ក្នុងឆ្នាំ២០២០ ជាពិសេសពន្លឿនការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងព្រលានយន្តហោះនៅខេត្តសៀមរាបឱ្យបានឆាប់ផងដែរ។
លោក យ៉ាង ជាឈី ក៏បានបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។ ប្រទេសចិន បានយកចិត្តទុកដាក់លើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសកម្ពុជា ហើយប្រទេសចិន នៅតែបន្តគាំទ្រប្រទេសកម្ពុជា ដើរលើមាគ៌ាអភិវឌ្ឍ និងបន្តពង្រឹងគាំទ្រប្រទេសកម្ពុជា ជួយកម្ពុជារក្សាស្ថិរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ យន់ សាវឿន