នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានទិញផ្ទះជូនលោក រិន សាវ៉េត។
លោក ឃ្លាំង ហួត បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «ដំណឹងទាន់ហេតុការណ៍! សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះដែលខ្ញុំបានខ្ចីឱ្យ រិន សាវ៉េត រស់នៅជូនជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់រិនសាវេតតែម្ដង ។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះចិត្តមេត្តាធម៌របស់សម្ដេចទាំងទ្វេ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាសម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជួបតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមរំលឹកថា ភរិយាលោក រិន សាវ៉េត លោកស្រី គង់ សាវី អាយុ៣៧ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ដោយសារជំងឺរ៉ាំរ៉ៃ ហើយសពរបស់លោកស្រី ត្រូវបានបូជានៅស្រុកកំណើតរបស់គាត់នៅស្រុកត្រាំកក់ ខេត្តតាកែវ៕