នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានពលករហ្វីលីពីនប្រមាណ៨ពាន់នាក់កំពុងបម្រើការងារ នៅក្នុងប្រទេសកម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រទេសហ្វីលីពីនជាប្រទេសដែលមានចំនួនពលករច្រើនជាងគេ ដែលនាំចេញនូវពលករទៅគ្រប់ទីន្លែង។ ជាក់ស្តែងនៅពេលដែលប្រធានាធិបតីហ្វីលីពីន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា មានពលករហ្វីលីពីនចំនួន ប្រមាណ៨ពាន់នាក់ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ពលករខ្មែរដែលបម្រើការងារនៅក្រៅប្រទេស ក៏មិនត្រឹមតែជាកម្មករ កម្មការិនីនោះទេ គឺមានរហូតដល់អ្នកបច្ចេកទេស បុគ្គលិកស្ថាប័នអន្តរជាតិ រួមទាំងធ្វើការនៅអង្គការសហប្រជាជាតិផងដែរ។ លោក ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់យើងដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសរបស់ខ្លួន៕