កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពាមជរ ដឹកនាំដោយ លោក សៅ ប្រសិដ្ឋ ប្រធានគណៈកម្មាធិការអនុសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ឈ្មោះ សួន រិទ្ធ មានប្រពន្ធឈ្មោះ ដាំ ម៉ច បច្ចុប្បន្ន រស់នៅភូមិ ពោធិ៍ខ្ពស់ ឃុំឫស្សី ស្រុកពាមជរ ខេត្តព្រៃវែង។
លោកប្រធានអនុសាខា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ដែលតែងយកចិត្តទុក្ខដាក់គិតគូរអំពី សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ពោលទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកសុទ្ធ ២យួរ ត្រីខ ១យួរ ទឹកដោះគោឆៅ ១ឡូ មី ១កេះ និងថវិកា ចំនួន ១០០,០០០រៀល។
ក្នុងឱកាសនោះសប្បុរស បានជួយ ឧបត្ថម្ភថវិកា ចំនួន ៣០០,០០០ រៀល ដើម្បីចូលរួមជួយសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្នជូនគាត់៕