រដ្ឋមន្ត្រី​ក្រសួងការងារ​ ទទួលជួបពិភាក្សា​ការងារជាមួយ​លោកសាស្ត្រាចារ្យ​ Gu Tian Long​ អំពីកិច្ចសហប្រតិបត្តិការលើកម្មវិធីអេឡិចត្រូនិច និងព័ត៌មានវិទ្យា

ថ្ងៃព្រហស្បតិ៍ ទី ២៧ មេសា ២០១៧​
98

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន ដើម្បីសិក្សាអំពីកិច្ចសហប្រតិបត្តិការលើកម្មវិធីសិក្សាលើមុខជំនាញអេឡិចត្រូនិច និងព័ត៌មានវិទ្យានៅទីក្រុង Beihai ប្រទេសចិន។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ គណៈប្រតិភូទាំង៦រូបដឹកនាំដោយ លោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន ដែលបានធ្វើដំណើរទស្សនកិច្ចនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋមន្ត្រីក្រសួងការងារ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនិងភាពជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាយូរមកហើយរវាងកម្ពុជា និងចិន ហើយកម្ពុជា បានចាត់ទុកចិនជាមិត្តយុទ្ធសាស្រ្ត។ ជាងនេះទៅទៀត លោកក៏បានថ្លែងការកោតសរសើរចំពោះប្រទេសចិនផងដែរ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក្លាយខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២។

ថ្លែងក្នុងជំនួបទ្វេភាគីនោះ លោកសាស្ត្រាចារ្យ Gu Tian Long នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋលេខាធិការទាំងអស់ដែលបានចំណាយពេលវេលា យ៉ាងមមាញឹកនិងមានតម្លៃក្នុងការជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ និងគណៈប្រតិភូទាំង៦នាក់ទៀត។

លោកសាស្ត្រចារ្យបានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យលោក និងក្រសួងការងារកម្ពុជាចំនួន ៥ចំណុចដូចខាងក្រោម៖

១-កិច្ចសហប្រតិបត្តិការលើកម្មវិធីសិក្សានៅទីក្រុងប៉េហាយ កំណត់មូលដ្ឋាននៃកម្មវិធីសិក្សាសម្រាប់សិស្ស និស្សិតអន្តរជាតិនៅទីក្រុងប៉េហាយ តំបន់ស្វយ័តគ័ងស៊ី នៃប្រទេសចិន។

២-ការអញ្ជើញថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមវេទិការ និងការតាំងពិព័រណ៌ស្តីពី “CHINA-ASEAN VOCATIONAL EDUCATION”។

៣-ពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលដែលមានការទទួលស្គាល់រួមគ្នា (Jointly degree program) នៅប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (DGTVET) ។

4-ពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើត Electronic and Telecommunication Vocational Identification Service Centre ។

5- ពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើត Innovation Center នៅប្រទេសកម្ពុជា។

លោក អ៊ិត សំហេង ក៏បានសម្តែងការអរគុណចំពោះភាគីចិន ដែលជានិច្ចកាលតែងតែជួយគាំទ្រដល់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា ហើយលោកបានយល់ព្រមជាមួយនឹងការស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិច Guilin នៃប្រទេសចិន និងក្រសួងការងារ។

លោកក៏បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣៩ ហើយភាគីចិនអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានណាមួយក៏បានក្នុងចំណោមនោះ។ តាមរយៈកិច្ចសហប្រតិបត្តិការទាំង៥ រវាងសាកលវិទ្យាល័យ Guilin និងក្រសួងការងារខាងលើនេះ ប្រទេសទាំងពីរនឹងរឹតចំណងមិត្តភាពរវាងគ្នានិងគ្នាកាន់តែជិតស្និទ្ធ៕

ចែករំលែក

បញ្ចេញយោបល់