កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៧ មន្ត្រីក្រសួងបរិស្ថាន បានចូលរួមជាមួយក្រុមការងារតុលាការបរិស្ថានជាតិដែលដឹកនាំដោយលោក ជីវ កេង អនុប្រធានតុលាការកំពូលកម្ពុជា ក្នុងកិច្ចពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីស្វែងរកជំនួយបច្ចេកទេសក្នុងការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីពាក់ព័ន្ធ ក្នុងការ ចាត់ការរឿងក្តី ក៏ដូចជាបទល្មើសនានា ទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ។
នៅក្នុងកិច្ចពិភាក្សានេះដែរ លោក ឯ វុឌ្ឍី អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ និងជាមន្ត្រីផ្នែកច្បាប់ក្រសួងបរិស្ថាន ក៏ បានចែករំលែកព័ត៌មានមួយចំនួនដែលទាក់ទង ដល់ដំណើរ ការ និងវឌ្ឍនភាពនៃ ការរៀបចំតាក់តែងសេចក្តីព្រាងក្រម បរិស្ថានរបស់កម្ពុជាផងដែរ។
កិច្ចពិភាក្សាពិភាក្សាជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ីបាន សម្រេចលទ្ធផលដូចខាងក្រោម៖ ១.ធនាគារអភិវឌ្ឍន៍អាស៊ីឯកភាព តាមសំណើសុំរបស់តុលាការកំពូលកម្ពុជា ដើម្បីបណ្តុះបណ្តាលដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីពាក់ព័ន្ធ ចំនួន២វគ្គ (១វគ្គមាន២ថ្ងៃ) ដែលនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០១៧ ខាងមុខ ដោយ១វគ្គនៅភ្នំពេញ និង១វគ្គទៀតនៅខេត្តសៀមរាប
២.ប្រធានបទសំខាន់ៗដែលនឹងលើកយកសម្រាប់វគ្គបណ្តុះបណ្តាលរួមមាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន វិធាននីតិវិធីតុលាការពិសេសទាក់ទងនឹងវិស័យបរិស្ថាន (តុលាការបរិស្ថាន) និងការស្វែងរក និងការពិនិត្យភស្តុតាងវិទ្យាសាស្ត្រ។ ដោយឡែកការប្រែប្រួលអាកាសធាតុ ការសឹករិចរិលនៃព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ បទល្មើសព្រៃឈើ ការបាត់បង់ជីវៈចម្រុះផ្សេងៗ សេចក្តីព្រាងក្រមបរិស្ថាន … ក៏នឹងត្រូវបញ្ចូល ចែករំលែក និងបញ្ជ្រៀបដល់សិក្ខាកាម នៅក្នុងវគ្គបណ្តុះបណ្តាលទាំងនោះដែរ។ ៣.ធនាគារអភិវឌ្ឍន៍អាស៊ីនឹងអញ្ជើញអ្នកជំនាញការពីអង្គការ UNEP USEPA និងអង្គការផ្សេងៗមកចូលរួមជាគ្រូបង្គោលសម្រាប់វគ្គបណ្តុះបណ្តាលនេះផងដែរ។ ក្នុងកិច្ចការនេះដែរ ក្រុមមេធាវីវិស្ណុក៏នឹងជួយសហការផ្តល់ អ្នកជំនាញការសំខាន់ៗដែលបានចូលរួមក្នុងការរៀបចំតាក់តែងសេចក្តីព្រាងក្រមបរិស្ថានស្រាប់ ដើម្បីចូលរួមជាគ្រូបង្គោលផងដែរ។
៤.ក្រៅពីក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសុខាភិបាល និងក្រសួងធនធានទឹក ក៏នឹងត្រូវអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដែរ៕