លោក នី ផល្លី អគ្គលេខាធិការរង ក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អន្តរជាតិទីផ្សារអារ៉ាប់ (Premier Arabian Travel Market) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីថ្ងៃទី២៤ ដល់ ២៧ ខែមេសា ឆ្នាំ២០១៧ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរពីប្រទេសមជ្ឈឹមបូព៌ាមកកម្ពុជា។
សូមជម្រាបផងដែរថា ក្នុងព្រឹត្តិការណ៍នេះ មានក្រុមហ៊ុនការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ជាច្រើនមានចំណាប់អារម្មណ៍ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកម្ពុជា ដែលជាគោលដៅទេសចរណ៍ថ្មីដ៏មានសក្តានុពលសម្បូរបែប ទាំងវប្បធម៌ ប្រវត្តិសាស្រ្ត អេកូទេសចរណ៍-ធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ស្អាត ស្របពេលដែលការហោះហើរដោយផ្ទាល់របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បី Amirates Airlines ពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម មកភ្នំពេញ នឹងចាប់ផ្តើមនាខែកក្កដាដា ឆ្នាំ២០១៧ ខាងមុខនេះ។
ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍អន្តរជាតិកម្រិតខ្ពស់នៃទីផ្សារអារ៉ាប់ (Premier Arabian Travel Market) រយៈពេល ០៤ថ្ងៃ ជារៀងរាល់ឆ្នាំ មានតំណាងក្រុមហ៊ុន និងអ្នកអាជីពទេសចរណ៍ ចូលរួមជាង៣៩០០០នាក់ មកពីជិត៩០ប្រទេស និងក្រុមហ៊ុនតាំងពិព័រណ៌ប្រមាណជាង ៣០០០ ក្រុមហ៊ុន៕