លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា កងទ័ព គឺជារបស់ប្រជាជន ធ្វើអ្វីៗដើម្បីប្រទេសជាតិ និងប្រជាជន ការពារបូរណភាពទឹកដី រក្សាសុខសន្តិភាព និងស្ថិរភាពជាតិ។ លោកបញ្ជាក់ថា យើងរួមគ្នាដើម្បីជាតិ មាតុភូមិ និងប្រជាជន ថែរក្សានូវអ្វីដែលបុព្វបុរសយើងបានបន្សល់ទុកឲ្យយើងជាមនុស្សជំនាន់ក្រោយ។
លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង ពល ទាហានកងពលធំអន្តរាគមន៍លេខ២ នាឱកាសឆ្នាំថ្មីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់អាគារបណ្ណាល័យនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់នាយទាហាន នាយទាហានរង និងពលទាហាននៅកងពលធំអន្តរាគមន៍លេខ២ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងហ្វឹកហ្វឺនសំរួចសមត្ថភាព និងចូលរួមការពារបូរណភាពទឹកដីនាពេលកន្លងមក។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដែលបានយកចិត្តទុកដាក់ចងសម័្ពន្ធមេត្រីភាពដើម្បីជួយឧបត្ថម្ភ គាំទ្រទាំងសម្ភារៈ ថវិកា ដល់កងទ័ព ហើយកងទ័ពការពារជាតិ បម្រើប្រជាជន ដែលនេះជាឆន្ទៈ ស្មារតីដែលយើងជួយគ្នាទៅវិញមកដើម្បីការពារជាតិ។ លោកថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន តាមរយៈការតម្លើងប្រាក់បៀវត្សជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៍ឯកបន្តថា លើសពីនេះក៏មានការឧបត្ថម្ភនូវគោលនយោបាយផ្សេងៗ ការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងការយកចិត្តទុកដាក់ចំពោះការរស់នៅ ការកសាងហេដ្ឋារចនាសម្ព័ននៅក្នុងអង្គភាពទ័ព។ ដូច្នេះ សូមឱ្យនាយទាហាន នាយទាហានរង ពលទាហានបន្តគាំទ្រ ជឿទុកចិត្តចំពោះការគោលនយោបាយយកចិត្តទុកដាក់គោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកងទ័ព ពិតហើយថាយើងមិនអាចដោះស្រាយបានគ្រប់តម្រូវការនោះទេ ប៉ុន្តែនាយទាហាន នាយទាហានរង ពលទាហានសូមមើលពីការយកចិត្តទុកដាក់ជារួមនាពេលកន្លងមករបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ក្រសួងការពារជាតិ និងអង្គភាពកងទ័ពដល់យោធិនទាំងអស់។
លោក ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា កងទ័ពត្រូវស្មោះត្រង់ និងលះបងដាច់ខាតជូនជាតិ មាតុភូមិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារឱ្យបាននូវសុខសន្តិភាពជូនជាតិមាតុភូមិនិងប្រជាជន។ ត្រូវម៉ឺងម៉ាត់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងគោរពអនុវត្តឱ្យបានបញ្ជា វិន័យ លក្ខន្តិកៈរបស់កងទ័ពឲ្យបានខ្ជាប់ខ្ជួន។ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជាប់ឃាប្រចាំ។ រក្សាឱ្យបាននូវសុជីវធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូក្នុងនាមកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ឆន្ទៈ និងទឹកចិត្តរបស់កងទ័ពដែលបានចូលរួមការពារជាតិមាតុភូមិទុកឱ្យកូនចៅជំនាន់ក្រោយ ថែរក្សាការពារកេរ្តិ៍តំណែលរបស់បុព្វបុរសខ្មែរ ហើយសង្ឃឹមថា កងទ័ពនឹងខ្លាំងដើម្បីលើកកិត្យាភាព និងមោទនភាពជាតិ៕