លោក Emmanuel Macron អ្នកកណ្តាលនិយម និងលោកស្រី Marine Le Pen មេដឹកនាំ ស្តាំនិយមកាលពីថ្ងៃអាទិត្យនេះបានក្លាយជាអ្នកឈ្នះនៅក្នុងជុំទីមួយនៃការបោះឆ្នោតប្រធានា ធិបតីនៅក្នុងប្រទេសបារាំង។
នៅក្នុងការផ្លាស់ប្តូរដ៏រញ្ជួយមួយនៅក្នុងនយោបាយប្រទេសបារាំង តួលេខបោះឆ្នោតចុង ក្រោយពីក្រសួងមហាផ្ទៃបានបង្ហាញថា លោក Macron ដែលជាអ្នកកណ្តាលនិយមឯករាជ្យមាននិន្នាការទៅរកសហភាពអឺរ៉ុបទទួលបានសំលេងឆ្នោតឈានមុខគេគឺចំនួន ២៣,៧៥% ហើយលោកស្រី Le Pen ដែលជាមេដឹកនាំគណបក្សស្តាំនិយមទទួលបានសំលេងឆ្នោតឈាន មុខទីពីរបន្ទាប់ពីលោក Macron គឺចំនួន ២១,៥៣%។
អ្នកទាំងពីរ ដែលនឹងប្រកួតប្រជែងគ្នានៅជុំទីពីរ និងជាជុំចុងក្រោយនៅថ្ងៃទី០៧ ខែឧសភាខាងមុខនេះ ផ្តល់ឲ្យប្រទេសបារាំងនូវទស្សនៈពីរខុសគ្នាទាំងស្រុងអំពីសហភាពអឺរ៉ុប និងពិភពលោកទាំងមូល ដោយលោក Macron ចាត់ទុកខ្លួនលោកថាជាអ្នកមានទស្សនៈជឿនលឿនផ្ទុយពីអ្នកអភិរក្សនិយម ហើយលោកស្រី Le Pen ចាត់ទុកខ្លួនជាអ្នកស្នេហាជាតិផ្ទុយពីអ្នកសកលនិយម។
ប្រតិកម្មចំពោះលទ្ធផលនៅជុំទីមួយនេះបានឆ្លុះបញ្ចាំងអំពីភាពខុសគ្នាដាច់ស្រឡះរវាង ទស្សនៈវិស័យរបស់បេក្ខជនទាំងពីរ។
បេក្ខជនភាគច្រើនដែលចាញ់ឆ្នោតនៅក្នុងជុំទីមួយភ្លាមៗនោះបានអំពាវនាវដល់អ្នកគាំទ្ររបស់ខ្លួនឲ្យបោះឆ្នោតគាំទ្រលោក Macron ដោយលោក Fillon ដែលទទួលបានសំលេងឆ្នោតចំនួន ១៩,៩១ % ក្នុងលេខរៀងទីបីបានព្រមានថា លោកស្រី Le Pen នឹងដឹកនាំបារាំងទៅរក “ភាពបែកបាក់” និងទៅរក “ភាពវឹកវរនៅក្នុងអឺរ៉ុប” ។
លោកបាននិយាយថា “ភាពជ្រុលនិយមអាចនាំមកនូវភាពអកុសល និងភាពបែកបាក់នៅក្នុងប្រទេសបារាំង” ។
ដូចគ្នានេះដែរ អ្នកគាំទ្រអឺរ៉ុបបានឈនៅខាងលោក Macron ពេលដែលអ្នកសង្ស័យអឺរ៉ុប បានអបអរជ័យជំនះរបស់លោកស្រី Le Pen ជាមួយគ្នានេះដែរអ្នកខ្លះបានព្រមានឲ្យដឹងអំពី ការមិនសប្បាយចិត្តអំពីនយោបាយប្រជានិយមថ្មីៗនៅក្នុងការបោះឆ្នោតប្រជាមតិរបស់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប និងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
ប្រធានគណៈកម្មាធិការអឺរ៉ុប (European Commission ) លោក Jean-Claude Junker បានអបអរសាទរលោក Macron ដែលគាំទ្រអឺរ៉ុបបន្ទាប់ពីជ័យជំនះរបស់លោកនៅក្នុងជុំទីមួយ និងបានជូនពរលោកទទួលបាន “សំណាងល្អ” នៅក្នុងការបោះឆ្នោតផ្តាច់ព្រាត់។
លោកស្រី Michel Barnier ជាប្រធានអ្នកចរចានៃគណៈកម្មាធិការអឺរ៉ុបលើការចាកចេញ របស់អង់គ្លេសពីសហភាពអឺរ៉ុបបានសំដែងការព្រួយបារម្ភថា លោកស្រី Le Pen អាចដឹកនាំ ប្រទេសបារាំងចាកចេញពីសហភាពអឺរ៉ុប។
អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេសលោក George Osborne ដែលថ្មីៗនេះត្រូវបានតែងតាំងជានាយកនិពន្ធនៃកាសែត Evening Standard របស់ទីក្រុងឡុងដ៍ បានអបអរសាទរលទ្ធផលដ៏ល្អនេះសំរាប់អ្នកកណ្តាលនិយម។
អ្នកនាំពាក្យអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានជូនពរលោក Macron ឲ្យ ទទួលបានសំណាងល្អនៅពីរសប្តាហ៍ខាងមុខ។
លោក Sigmar Gabriel រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់បានទស្សន៍ទាយថា លោក Macron ដែលមានអាយុ ៣៩ ឆ្នាំ នឹងក្លាយជាប្រធានាធិបតីថ្មីរបស់បារាំង។
លោក Lars Lokke Rasmussen នាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាកបានសំដែងសុទិដ្ឋិនិយាមថា លោក Macron ដែលជាអតីតប្រធានធនាគារ នឹងទទួលបានជ័យជំនះលើលោកស្រី Le Pen ។
រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសន័រវេសលោក Borge Brende ដែលប្រទេសរបស់លោកមិនមែនជាសមាជិកសហភាពអឺរ៉ុបបាននិយាយនៅក្នុងបណ្តាញសង្គម Tweeter របស់លោកថា “យើងត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមនៅអឺរ៉ុប។ នេះជាសញ្ញាវិជ្ជមានដែលលោក Macron ទទួលបានជ័យជំនះនៅក្នុងជុំទីមួយនៃការបោះឆ្នោតនៅក្នុងប្រទេសបារាំង។”
លោក Geert Wilders ជាសមាជិកសភាប្រទេសហូឡង់ និងជាប្រធានគណបក្សសេរីភាព ដែលប្រឆាំងអ៊ីស្លាម និងប្រឆាំងជនអន្តោប្រវេសន៍បានគាំទ្រលោកស្រី Le Pen ដោយបាន ស្វាគមន៍លទ្ធផលនេះថាជា “ថ្ងៃមួយដ៏ត្រចះត្រចង់សំរាប់អ្នកស្នេហាជាតិនៅក្នុងប្រទេសបារាំង និងនៅក្នុងប្រទេសដទៃទៀតដែលចង់បានអធិបតេយ្យភាពជាតិកាន់តែច្រើន និងចង់បានសហភាពអឺរ៉ុប និងអន្តោប្រវេសន៍កាន់តែតិច”។
លោក Nigel Farage អតីតមេដឹកនាំគណបក្ស UKIP នៅក្នុងប្រទេសអង់គ្លេសបានរិះគន់ លោក Macron ថា” លោក Macron និយាយដោយមានទង់ជាតិសហភាពអឺរ៉ុបនៅពីក្រោយ លោក។ លោក Macron និយាយគ្មានន័យ។ ក្រៅពីនិយាយគាំទ្រស្ថានភាពដដែល លោកគ្មាន និយាយអ្វីទាំងអស់។”
លោក Matteo Salvini មេដឹកនាំគណបក្សស្តាំនិយាមរបស់ប្រទេសអ៊ីតាលី Northern League បាននិយាយនៅក្នុងបណ្តាញសង្គម Tweeter របស់លោកថា “ប្រជាជនបានក្រោកឡើងហើយ។ ជយោ! លោកស្រី Le Pen ! វាដល់ពេលវេលាត្រូវចេញពីទ្រុងរបស់ក្រុងប្រ៊ុយ ហ្សែលហើយ” ៕