កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៦១គ្រួសារ នៅខេត្តបាត់ដំបង

ថ្ងៃពុធ ទី ២៦ មេសា ២០១៧​
92

នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧ ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបាន សហការជាមួយគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំដោយ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៦១គ្រួសារ ក្នុងស្រុកចំនួន២ក្នុង ខេត្តបាត់ដំបង រួមមាន ស្រុកមោឬស្សីចំនួន ២៦គ្រួសារក្នុង ឃុំកកោះ និងឃុំតាលាស់ ប៉ះពាល់ធ្ញន់ធ្ញរចំនួន៥គ្រួសារ ស្រុកគាស់ក្រឡចំនួន ៣៥ គ្រួសារ ប៉ះពាល់ធ្ញន់ធ្ញរចំនួន ៤គ្រួសារ ក្នុងឃុំដួនបា ដែលរងគ្រោះកាលពីថ្ងៃ ទី២៤ខែ មេសា ឆ្នាំ២០១៧ ។

ថ្លែងក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះដោយអគ្គីភ័យ និងបានសម្តែងនូវការសោកស្តាយដល់គ្រួសាររងគ្រោះ ដែលមិននឹកស្មានដល់ធ្វើ អោយបាត់បង់និងខូចខាតទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ហើយលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធវិឃែរ១កេស ក្រមា១ សារ៉ុង ១ ផងដែរ៕បញ្ជាក់ អង្ករ និង មី ជាអំណោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ៕

ចែករំលែក

បញ្ចេញយោបល់