រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Rex Tillerson បាននិយាយថា «រាល់ជម្រើសទាំងអស់គឺស្ថិតនៅលើការចរចា» ទាក់ទងទៅនឹងកូរ៉េខាងជើង។ មន្ទីរបញ្ចកោណបានគាំទ្រការគំរាម ធ្វើសង្រ្គាមរបស់គាត់ តាមរយៈការបញ្ជូនក្រុមនាវាដឹកយន្តហោះចម្បាំងឆ្ពោះទៅកាន់ឆ្នេរសមុទ្ររបស់កូរ៉េខាងជើង។
កូរ៉េខាងជើងត្រូវបានគេជឿថា មានសារធាតុនុយក្លេអ៊ែរគ្រប់គ្រាន់ដែលអាចផលិតគ្រាប់បែកនុយក្លេអ៊ែរចំនួន ២០ គ្រាប់សម្រាប់ពេលនេះ ហើយចំនួន ១០០ គ្រាប់នៅឆ្នាំ២០២៤។ ដោយសារតែកូរ៉េខាងជើងកំពុងផលិតគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនោះ អាមេរិកហាក់ដូចជាមានគោលដៅក្នុងការប្រឈមនឹងប្រទេសតូចមួយនេះ ប៉ុន្តែប្រទេសនេះមានអាវុធនុយក្លេអ៊ែរ ដើម្បីរាំងខ្ទប់។
តើត្រូវធ្វើអ្វី?
រដ្ឋបាលរបស់លោក Trump បានប្រកាសថា យុគសម័យនៃ «ការអត់ធ្មត់ជាយុទ្ធសាស្រ្ត» បាន ចប់សពគ្រប់ហើយ។ ការពិនិត្យផ្ទៃក្នុងឡើងវិញក៏បានដាក់ចេញនូវអនុសាសន៍លើនយោបាយ មួយដែលមានការដាក់សម្ពាធជាអតិបរិមាទៅលើកូរ៉េខាងជើង។ ក៏ប៉ុន្តែថា តើដាក់សម្ពាធដោយយ៉ាងណា?
ការដាក់ទណ្ឌកម្មអាចត្រូវបានគេពង្រឹង ទោះបីជាគ្មានកិច្ចសហប្រតិបត្តិការពីចិនក៏ដោយ ពួកគេមិនទំនងបង្ខំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងឱ្យផ្លាស់ប្តូរគោលជំហររបស់ខ្លួនឡើយ។ រដ្ឋបាល របស់លោក Trump បានផ្តល់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អប្រសើរចំពោះចិន ដើម្បីឱ្យជួយអាមេរិកវិញ។
ទោះជាយ៉ាងណាក៏ដោយ ចិននៅតែមានកង្វល់បន្ថែមទៀតអំពីគ្រោះថ្នាក់កើតចេញពីការផ្ទុះ របស់កូរ៉េខាងជើង ហើយនិងការបង្កើតឱ្យមានកូរ៉េមួយដែលរួបរួមគ្នាជាមួយទាហានអាមេរិកនៅលើព្រំដែនរបស់ខ្លួន។ រដ្ឋាភិបាលវ៉ាស៊ីនតោនក៏ត្រូវការលើកយកមកដោះស្រាយនូវកង្វល់ទាំងអស់នោះផងដែរ។
នៅទីបញ្ចប់ សកម្មភាពបែបយោធាអាចធ្វើទៅបាន។ វានឹងក្លាយទៅជាល្បែងមួយយ៉ាងសាហាវ៖ មិនត្រឹមតែអ្នកដែលរស់នៅក្នុងទ្វីបដែលនៅឃ្លាតឆ្ងាយពីមហាសមុទ្រ ដែលស្ថិតនៅចន្លោះហានិភ័យមួយដែលកើតមានឡើងចេញពីសង្គ្រាមដ៏ធំនេះ។
ទោះបីជាមានការពិភាក្សាដោយចោទសួរទៅលើភាពឆ្គួតវង្វេងរបស់លោក Kim Jong-un ក៏ដោយ គាត់ធ្វើចរិកហាក់ដូចជាសមហេតុផល។ អាវុធនុយក្លេអ៊ែរសម្រាប់ការពារប្រឆាំងទៅនឹងការប៉ុនប៉ងរបស់បរទេសឱ្យមានការផ្លាស់ប្តូររបបនៅកូរ៉េខាងជើង។
នៅប្រទេសស៊ែប៊ី អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងលីប៊ី ប្រទេសទាំងអស់សុទ្ធតែខ្វះសមត្ថភាពក្នុងការធ្វើឱ្យអាមេរិកឈឺចាប់។ អាវុធនុយក្លេអ៊ែរប្រល័យលោកអាចផ្តល់ជាការការពារសន្តិសុខដល់កូរ៉េខាងជើង ហើយជាការពិតផងដែរថា អាវុធនុយក្លេអ៊ែរនេះមានលទ្ធភាពដើម្បីបាញ់ដល់ទឹកដីអាមេរិក ហើយអាចឈានទៅបញ្ចប់សម្ព័ន្ធភាពកូរ៉េខាងត្បូង និងអាមេរិកផងដែរ។
អញ្ចឹងហើយបានជាមានសុំណូមពរឱ្យមានការវាយប្រហារការពារខ្លួនជាមុន។
កូរ៉េខាងជើងចាត់ទុកថា ការវាយប្រហាររបស់អាមេរិកណាមួយគឺជាការឈ្លានពានពេញលេញ ហើយព្រមានថា នឹងឆ្លើយតបវិញទាំងស្រុង។
លោក Thae Yong-ho អ្នកការទូតដែលរត់ចោលកូរ៉េខាងជើងពីឆ្នាំមុនបាននិយាយថា លោក Kim Jong-un នឹងចុចទៅលើគន្លឹះសព្វាវុធដែលមានគ្រោះថ្នាក់ទាំងនេះ នៅពេលដែលគាត់គិតថា ការគ្រប់គ្រងអំណាចរបស់គាត់ និងការគ្រប់គ្រងបន្តវង្សត្រកូលរបស់គាត់ត្រូវបានគំរាមកំហែង។
ការរង់ចាំដើម្បីវាយតម្លៃសភាពការណ៍ និងធ្វើឱ្យកូរ៉េខាងជើងខាតប្រយោជន៍ច្រើន ដោយ សារតែយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ក៏ដូចជាគ្រាប់បែកអាចធ្វើឱ្យកងកម្លាំងកូរ៉េខាងជើងធ្លាក់ចុះយ៉ាងលឿន។ ជាលទ្ធផលការវាយប្រហាររបស់អាមេរិកណាមួយអាចក្លាយទៅជាការបង្កឱ្យមានសង្គ្រាមពេញទីតែម្តង។
ទីក្រុងសេអ៊ូលនៅចម្ងាយប្រមាណជា ៣៥ ម៉ាយល៍ពីបន្ទាយយោធាកូរ៉េខាងជើង។ ជម្លោះណាមួយដែលកើតមានឡើងនឹងធ្វើឱ្យមានមហន្តរាយដ៏ធ្ងន់ធ្ងរ។
កូរ៉េខាងជើងក៏មានអាវុធគីមី និងអាវុធជីវសាស្ត្រផងដែរ អាវុធមីស៊ីលរបស់ខ្លួនអាចបាញ់ដល់កូរ៉េខាងត្បូង ជប៉ុន នឹងមូលដ្ឋានអាមេរិក។ អ្នកវិភាគជាច្រើនព្រមានអំពីការស្លាប់បាត់បង់ជីវិតមនស្សរាប់ម៉ឺននាក់ ហើយអាចច្រើនជាងនេះទៀតផង។
ជំនួសការដាក់ផែនការការធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង អ្នកបង្កើតគោលនយោបាយរបស់ អាមេរិកគួរពិចារណាទៅលើតួនាទីរបស់អាមេរិកស្តីពីឧបទ្វីបនេះ អាមេរិកគួររៀបចំឱ្យកូរ៉េខាងជើងដើម្បីព្យាយាមកាត់បន្ថយភាពតានតឹងក៏ដូចជាការគំរាមកំហែង បើទោះបីជាដូច្នេះក៏ដោយ កូរ៉េខាងជើងកាលពីមុនបានបដិសេធនៅក្នុងការពិភាក្សា ដើម្បីរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន។
ជាងនេះទៅទៀត កូរ៉េខាងត្បូងគួរតែគ្រប់គ្រងទៅលើកិច្ចព្រមព្រៀងការពារជាតិរបស់ខ្លួន ហើយទាហានអាមេរិកគួរតែត្រឡប់ទៅផ្ទះវិញ ទន្ទឹមនឹងនេះដែរ កូរ៉េខាងត្បូងគួរតែអភិវឌ្ឍអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួន។
នៅទីបញ្ចប់ រដ្ឋបាលអាមេរិកគួរតែព្យាយាមដើម្បីទទួលបានជំនួយពីចិន ក្នុងការដោះស្រាយ រឿងកូរ៉េខាងជើង អាមេរិកត្រូវការដោះស្រាយកង្វល់ផ្នែកនយោបាយភូមិសាស្ត្ររបស់ចិនទៅលើលទ្ធភាព ការដែលកូរ៉េខាងជើងដួលរលំ។
គ្មានដំណោះស្រាយបែបមន្តអាគមគាថាណាមួយ សម្រាប់ដំណោះស្រាយលើបញ្ហាកូរ៉េខាង ជើងធ្វើទៅបានទេ។ ក៏ប៉ុន្តែសកម្មបែបយោធាអាចក្លាយទៅជាជម្រើសចុងក្រោយបង្អស់។ អាមេរិក ត្រូវតែជៀវាងការបង្កបញ្ហាណាមួយដែលនាំឱ្យកើតសង្គ្រាមកូរ៉េលើកទី២៕
ប្រភព : Korea Times ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧