នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២១០៧នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ រួមជាមួយអង្គភាពលូទឹក ប្រធានគ្រប់គ្រងស្ថានីយបូមទឹកទូទាំងរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងស្ថានីយបូមទឹកសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១- ការបន្ថែម និងដំឡើងម៉ូទ័របូមទឹកនៅក្នុងស្ថានីយបូមទឹកសំខាន់ៗ (ស្ថានីយបូមទឹកបឹងត្របែក ទួលគោកទី២ ស្ថានីយបូមទឹកព្រះពន្លារ ….)
២- ការបូមនិងស្ដាអណ្ដូងលូ ដោយរថយន្តបូមចល័តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ
៣- សិក្សាពីអាងស្ដុកទឹក ប្រឡាយ អូរ លូ ដើម្បីធានាបាននៃចរន្តទឹកហូរ
៤- អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់អំពីបញ្ហា សំរាមនៅមាត់លូ និងប្រឡាយ។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំឡើងម៉ូទ័របូមទឹកនៅស្ថានីយទួលគោកទី២ ត្រឡោកបែក ដោយស្ថានីយថ្មីនេះ មានសមត្ថភាពបូមទឹក ៥ម៉ែត្រគូបក្នុង១វិនាទី គឺកើន៣ដងធៀបនឹងស្ថានីយបូមទឹកចាស់ ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៧ ផ្លូវលេខ ៣១៥ ផ្លូវលេខ ៣១៣ ផ្លូវលេខ ៦០៨ ផ្លូវលេខ ៣៣៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕