លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានប្រគល់ថវិកាដែលបានមកពីការរៀបចំកម្មវិធីប្រកួតនេះ ចំនួន ៤០០លានរៀល ជូនដល់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះលទ្ធភាព និងចូលរួមគាំទ្រសកម្មភាពផ្សេងៗរបស់សមាគម។
ពិធីប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ មេសា នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ។
លោក គន់ គីម និងលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារ សិល្បករ សិល្បការិនី សប្បុរសជន គ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋដែលបានចូលរួមរៀបចំកម្មវិធីការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឱ្យទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ដើម្បីគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនសំដៅចូលរួមលើកកម្ពស់ទាំងជីវភាព និងកិត្តិយសអតីតយុទ្ធជនដែលបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិ។
លោក ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនដែលបំភ្លេចអតីតយុទ្ធជន ដូចមតិខ្លះបានលើកឡើងនោះទេ ដែលថា រាជរដ្ឋាភិបាលមិនបានគិតគូរយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។ តាមពិតរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ តាមរយៈការឧបត្ថម្ភនូវគោលរបប ការមរដំឡើងប្រាក់បៀវត្ស ការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលជាលទ្ធផលបង្ហាញឱ្យឃើញមកដល់ពេលបច្ចុប្បន្ននេះ សមាគមបានសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនដែលខ្វះលទ្ធភាពបានចំនួន ៣៩៤ខ្នង នៅក្នុង២៥ រាជធានីខេត្ត និងកំពុងសិក្សាលទ្ធភាពជាក់ស្តែងក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកផងដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «យើងមិនអាចដោះស្រាយតម្រូវការជូនអ៊ំ ពូ មីង អតីតតយុទ្ធជនបានគ្រប់តម្រូវការទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន បាននឹងកំពុងបង្កើតយន្តការ និងមធ្យោបាយផ្សេងៗ ដើម្បីដោះស្រាយតម្រូវការ និងជួយអតីតយុទ្ធជន យោធិនពិការ ជាបន្តបន្ទាប់ សំដៅលើកកម្ពស់ទាំងជីវភាព និងកិត្តិយស។
គួររំលឹកថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ គឺជាព្រឹត្តិការណ៍ថ្មីមួយដែលមានការប្រគំតន្រ្តីនៅពេលរាត្រីទាំង ៣ថ្ងៃ ការប្រកួតកីឡាកងទ័ព និងការតាំងពិព័រណ៌កងទ័ព និងពិព័រណ៌ពាណិជ្ជកម្មត្រូវបានរៀបចំក្នុងរយៈពេល០៣ថ្ងៃ គឺថ្ងៃទី៦ ទី៧ និងទី៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅមជ្ឈមណ្ឌលកោះពេជ្រក្នុងគោលបំណង៤សំខាន់ៗគឺ រំលឹកខួបទិវាជាតិ៧ មករា ១៩៧៩ – ៧ មករា ២០១៧ ប្រមូលថវិកាគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនដើម្បីរំលឹកគុណដល់អតីតយុទ្ធជនកម្ពុជា ដែលបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិ។
ការប្រកួតកីឡាយោធានេះ គឺចង់ធ្វើឱ្យប្រជាជនយល់ និងផ្តល់តម្លៃនៃការចូលរួមរបស់កងទ័ពនៅក្នុងការថែរក្សាសុខសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិ និងពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជន៕