នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជូនសាធារណជនថា ជាការគួរឲ្យសោកស្តាយណាស់ ដែលមានជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ លី ម៊័រហ្គិនបែស្ស័រ បានសន្និដ្ឋានមិនត្រឹមត្រូវតាមការពិតជាក់ស្តែងលើការដឹកនាំគ្រប់គ្រងប្រទេសកម្ពុជា កន្លងមក ។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានបក្ស លោក ហ៊ុន សែន មានតួនាទីខ្ពស់ជាងគេនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស ។ តែការងារផ្អែកលើការកំណត់របស់លក្ខន្តិកៈគណបក្ស។
ក្នុងនាមជានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ធ្វើការងារ តាមតួនាទីកំណត់ក្នុងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។ ក្នុងរាជរដ្ឋាភិបាល លោក ហ៊ុន សែន មានតួនាទីខ្ពស់ជាងគេ។ មិនខុសអីនឹងតួនាទីខ្ពស់ជាងគេ និងមានអំណាចជាងគេ ដូចប្រធានាធិបតី បណ្តាប្រទេស លើពិភពលោកដែរ ។
អំពីការតែងតាំងមន្ត្រីមិនដែលមាន នាយករដ្ឋមន្ត្រីប្រទេសណា យកកូនចៅបក្សប្រឆាំងមកតែងតាំងឲ្យកាន់តំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាលទេ។ ទោះបីលោក ត្រាំ ក៏យកកូនប្រុសស្រីមកតែងតាំងដែរតើ ? ការធ្វើវិសោធនកម្មច្បាប់ស្តីគណបក្សនយោបាយ សម្រាប់ប្រើប្រាស់គ្រប់គណបក្សមិនមែនសំដៅតែទៅលើ ជនណាម្នាក់ ឬគណបក្សណាមួយឡើយ។ ការកសាងច្បាប់ និងធ្វើវិសោធនកម្មច្បាប់ គឺជាការពង្រឹងនីតិរដ្ឋ ។
ក្នុងរការប្រកួតប្រជែងនយោបាយនៅកម្ពុជា មានអ្នកល្មោភអំណាចខ្លះ យកឈ្នះលោក ហ៊ុន សែន មិនបាន បានកើតគំនិតចង់ព្យាបាទសម្តេច ដូចជាថា មានស៊ី អត់សែន មានសែន អត់ស៊ី មានការប៉ុនប៉ងបាញ់សម្លាប់ជាដើម ដូចនៅសៀមរាប ក្នុងឆ្នាំ ១៩៩៨ បាញ់បេ៤០ បួនគ្រាប់ ជាដើម ។
សរុបមកវិញ លោកលី ម័រហ្គិនបែស្ស័រ មិនដឹងខ្យល់ស្អីសោះពីកម្ពុជាហើយមកនិយាយរឿងកម្ពុជា។ ម៉េចមិននិយាយពីលោក ត្រាំ ទៅ លោកត្រាំកំពុងប្រើអំណាចគាត់ហើយ ។ លោក ហ៊ុន សែន គឺជាអ្នកប្រជាធិបតេយ្យពិត មិនមែនក្លែងក្លាយដូចលោកម័រហ្គិនបេស្ស័រនោទេ៕