ប្រជាពលរដ្ឋ៣៧គ្រួសារ ថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​និងអភិបាល​ខេត្តកំពង់ឆ្នាំង​ ក្រោយពី​បានផ្តល់យុត្តិធម៍​ដល់ពួក​គាត់ពីបញ្ហា​ទំនាស់ដីធ្លី​

ថ្ងៃពុធ ទី ២៦ មេសា ២០១៧​
151

ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ ដែលមានសមាជិក១៤៤នាក់ រស់នៅភូមិចុងកោះ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបានខិតខំដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំង៣៧គ្រួសារ នៅខេត្តកំពង់ឆ្នាំង ដែលមានដីទំនាស់នៅចុងកោះ ជូនពួកគាត់បានជោគជ័យនៅថ្ងៃនេះ។

ដោយមានការខិតខំប្រឹងប្រែងយកចិត្តទុក្ខរបស់អភិបាលខេត្ត ប្រធានក្រុមការងារដោះស្រាយដីធ្លីរបស់ខេត្ត និងមន្ត្រីនៅមូលដ្ឋានផ្ទាល់ ក្រោមការដឹកនាំរបស់ដ៍ខ្ពង់ខ្ពស់របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះពួកគាត់ទទួលបានយុត្តិធម៍ហើយ។

ប្រជាពលរដ្ឋក៍បានថ្លែងអំណរអគុណផងដែរចំពោះ លោកសោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្ត ដែលជាប្រធានក្រុមការងារដោះស្រាយទំនាស់ដីធ្លី លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ជាអនុប្រធាន លោក កែវ ពៅ ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលដោះស្រាយដីទំនាស់ នៅចុងកោះជូនពួកគាត់បានជោគជ័យ។

សូមរំលឹកថា ក្រោយពីមានសេចក្តីសម្រេចរបស់អភិបាលខេត្ត លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះវាស់វែងដីដែលមានទំនាស់រវាង អៀរ គុយម៉ុង និងលី ផេង កន្លងមក ជូនប្រជាពលរដ្ឋ៣៧គ្រួសារវិញ ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចទទួលស្គាល់ប្រជាពលរដ្ឋ ចំនួន៣៧គ្រួសារ មានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលដំណាំកសិកម្ម ជាលក្ខណ:គ្រួសារ មានចំនួន៣៧គ្រួសារ ស្មើរនិង ៦៩ក្បាលដី ដែលទិញពីឈ្មោះ អៀរ គុយម៉ុង មានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ក្រោយពីស្តាប់ និងពិនិត្យលើកិច្ចប្រជុំរបស់គណ:កម្មាធិការ គ្រប់គ្រងដីរដ្ឋថា្នក់ខេត្ត-កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅ។

យោងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៣៧ គ្រួសារ ប្តឹងទាមទារឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយដី ដែលខ្លួនបានទិញត្រឹមត្រូវ មានការបញ្ជាក់ដឹងលឺពីអាជ្ញាធរមូលដ្ឋាន ពីឈ្មោះ អៀរ គុយ ម៉ុង ប៉ុន្តែមិនអាចគ្រប់គ្រងប្រើប្រាស់បាន មូលហេតុមានអ្នកជំទាស់។

សូមរំលឹកថា ប្រជាពលរដ្ឋមានទុក្ខកង្វល់ បានលើករូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឈរតវ៉ាសំណើរសុំជួយអន្តរាគមន៍ ដោះស្រាយទុក្ខកង្វល់នេះ កាលពីថ្ងៃទី១២ ខែកម្ភុះ ឆ្នាំ២០១៧៕

ចែករំលែក

បញ្ចេញយោបល់