លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនិងការអភិវឌ្ឍរបស់រាជ រដ្ឋាភិបាលកម្ពុជាជាងពីរទស្សវត្សកន្លងមកនេះ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលនៃជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ាកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ម្សិញមិញនេះ។
សេចក្តីជូនព័ត៌មាន ក៏បានបញ្ជាក់ថា លោក Patrick Murphy បានកោតសរសើរចំពោះសមិទ្ធផល និងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាង២ទស្សវត្សកន្លងមកនេះ ហើយលោក ក៏បានសម្តែងពីភាពរីករាយចំពោះស្ថានភាពដ៏ល្អនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ។
លោក Patrick Murphy ក៏បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillerson បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀតដើម្បីចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន និង អាមេរិកនាពេលខាងមុខ៕