ក្រៅអំពីបង្ហាញជំហរដែលចាត់ទុកការបាញ់មីស៊ីល និងការសាកល្បងធ្វើនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាការរំលោភបំពាន ទៅលើសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ពិសេសគឺនៅក្នុងឧបទ្វីបកូរ៉េ កម្ពុជា និងសហរដ្ឋអាមេរិក បានយល់ព្រម និងឯកភាពចំពោះសំណើដែលបានស្នើសុំធ្វើវិសោធនកម្ម លើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីការបញ្ជូនពលរដ្ឋខ្មែរ ពីអាមេរិកមកមាតុភូមិវិញក្នុងនោះពលរដ្ឋខ្មែរ ៣៦នាក់ នៅសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសថា នឹងបញ្ជូនមកប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗ ខណៈមានពលរដ្ឋខ្មែរ៥នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី២៩មីនាកន្លងមកនេះ តាមអនុស្សរណៈ (MOU) ស្តីពីការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរពីអាមេរិកកាលពីឆ្នាំ២០០២។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងឱ្យដឹងបែបនេះនៅក្រោយបញ្ចប់កិច្ចជំនួបរវាង លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តការអន្ដរជាតិ ជាមួយលោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧។
លោក ជុំ សន្ទរី បានឱ្យដឹងទៀតថា កម្ពុជាចាំបាច់ត្រូវពិនិត្យ និងស្នើសុំធ្វើវិសោធនកម្ម ទៅលើការចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបញ្ជូនពលករខ្មែរពីអាមេរិកមកមាតុភូមិវិញ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈក្នុងការទទួលពលរដ្ឋខ្មែរនៅអាមេរិក ដែលមានទោសកំហុស និងបន្តដោះស្រាយបញ្ហាជាមួយអាមេរិក ដូច្នេះចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាបាននូវការអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមស្មារតីដើមនៃ MOU ដែលសំដៅធានាឱ្យបាននូវទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណា ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀង ហើយបន្ទាប់ពីទទួលយកពលរដ្ឋទាំង៣៤នាក់ នេះហើយ គឺផ្អាកជាបណ្តោះអាសន្នមិនទទួលយកបន្តទៀតទេ។
ទាក់ទងនឹងបញ្ហានេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានញ្ជាក់ថា កម្ពុជាបានបញ្ចប់ការតាក់តែងពង្រាងថ្មីនៃកិច្ចព្រមព្រៀងនេះហើយ គ្រោងនឹងបញ្ជូនទៅស្ថានទូតអាមេរិកក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យភាគីទាំងពីរ ពិភាក្សាគ្នាឡើងវិញលើពង្រាងថ្មីនេះ។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំឆ្នាំ២០១៦ មានពលរដ្ឋខ្មែរ ធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក ចំនួន២៥លើក មានមនុស្ស ៤១នាក់ បើគិតត្រឹមឆ្នាំ២០១៧ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដែលបានធ្វើមាតុភូមិនិវត្តន៍មានចំនួន សរុប ២២៦លើក ក្នុងនោះមានពលរដ្ឋចំនួន ៥៤៤នាក់ ស្រី១៤នាក់ ដែលត្រូវរដ្ឋាភិបាលអាមេរិកបញ្ជូនឱ្យមករស់កម្ពុជាវិញ៕
អត្ថបទ៖ យន់ សាវឿន