នាយឧត្តមសេនីយ៍ សេង ផល្លី៖ សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងទាំងអស់ ​ត្រូវប្រកាន់​ខ្ជាប់នូវ​ទស្សនៈរៀន​ឲ្យចេះ​ គោរពវិន័យ​ និងបំពេញ​គ្រប់លក្ខខណ្ឌ​នានា​

ថ្ងៃអង្គារ ទី ២៥ មេសា ២០១៧​
187

នាយឧត្តមសេនីយ៍ សេង ផល្លី បានរំលឹកដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈរៀនឲ្យចេះ មិនមែនរៀនឲ្យចប់ ឬមិនមែនរៀនដើម្បីបង្រ្គប់កិច្ចនោះទេ និងត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពវិន័យឲ្យបានល្អខ្ជាប់ខ្ជួន ព្រោះបណ្ឌិត្យសភានគរបាលកម្ពុជា មិនមានការលើកលែងឯអនុគ្រោះឡើយ ចំពោះសិស្ស ដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានា ក្នុងការទទួលបានវិញ្ញាបនបត្រ និងត្រូវបានប្រកាសតាំងស៊ប់ទេ។

លោកលើកឡើងបែបនេះក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» សម្រាប់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ទូទាំងប្រទេសលើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

នាយឧត្តមសេនីយ៍ សេង ផល្លី បានបន្ថែមថា ប្អូនៗមិនទាន់ក្លាយជាមន្រ្តីនគរបាលនៅឡើយទេ ហេតុនេះ វគ្គនេះមានគោលបំណងបណ្តុះបណ្តាលបេក្ខជនជ័យលាភីទាំងអស់ ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាមន្រ្តីនគរបាលពិតប្រាកដ មុនចេញទៅបំពេញការងារ។

លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ  ក្នុងបរិបទសកលភាវូបនីយកម្ម  និងការធ្វើសមាហរណកម្មកម្ពុជា  នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបានបន្ថែមថា ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការជ្រើសរើសមន្រ្តីនគរបាលបន្តវេន ក្នុងន័យនេះរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មី តាមរយៈការប្រឡងប្រជែងជាបន្តបន្ទាប់ ដើម្បីបន្តវេនកងកម្លាំងនគរបាលជាតិ និងបំពេញបន្ថែមតាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ទាំងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមរំលឹកផងដែរថា នៅឆ្នាំ២០១៦កន្លងទៅ ក្រសួងមហាផ្ទៃ បានជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មីជាង៤០០០នាក់ តាមរយៈការប្រឡងប្រជែង។ យោងតាមគោលការណ៍ដែលបានចែងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌ មន្រ្តីនគរបាលជាតិកម្ពុជា បេក្ខជនទាំងពីរភេទ ដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ចាំបាច់ត្រូវតែ ឆ្លងកាត់វគ្គ បណ្តុះបណ្តាល កម្រិតបឋមវិជ្ចាជីវៈ នគរបាល មុនពេលប្រកាសតាំងស៊ប់ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ៕

ចែករំលែក

បញ្ចេញយោបល់