គេនៅចាំបានថា ការរៀបចំអង្គប្រជុំធំវិសាមញ្ញដោយទាន់ហន់របស់បក្សព្រះអាទិត្យកាលពីថ្ងៃទី០២ ខែមីនា កន្លងទៅ គឺជាអង្គប្រជុំបង្រ្គប់កិច្ច និងប្រថាប់ត្រាដោយខុសក្បួនហើយជាឡប់ឡែប្រជាធិបតេយ្យប៉ុណ្ណោះ។ រឿងទាំងអស់ គឺកើតឡើងដោយខ្លួនឯង។ អ្នកណាអ្នកចងអ្នកនោះអ្នកស្រាយ។ ចេះហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ កុំចេះបន្ទោសគេបន្ទោសឯង ប្រយ័ត្នទេវតាបរាមុខ!
ឡប់ឡែប្រជាធិបតេយ្យ ព្រោះបក្សនេះប្រកាសថាខ្លួនប្រជាធិបតេយ្យមហាសេរី ប៉ុន្តែរបៀបធ្វើការ និងការជាក់ស្តែង គឺគ្មានអីដែលហៅថាប្រជាធិបតេយ្យពិតប្រាកដនោះទេ។ យើងអាចសួរមើលថា អ្នកចូលរួមអង្គប្រជុំធំដែលឡើងមកពីបណ្តាខេត្តនានាមក មើលទៅហ៊ឺហាគិតថា យកមតិយោបល់ និងអំណាចជាសមាជិកសមាជិកាមកវេទិកានៃអង្គប្រជុំធំហើយ ប៉ុន្តែមកដល់ គេគ្រាន់តែអានប្រាប់ហើយលើកដៃប្រថាប់ត្រាប៉ុណ្ណោះ។ បើបក្សនេះ ជាបក្សតាំងខ្លួនរហូតដល់ប្រជាធិបតេយ្យមហាសេរីគួរណាស់តែធ្វើរឿងពីរចំណុច៖
ទី១-កុំប្រើរបបចាត់តាំង ត្រូវបើកឱ្យមានបេក្ខភាពឈរឈ្មោះជាប្រធាន ឬអនុប្រធានឱ្យបានច្រើនដើម្បីឱ្យអង្គប្រជុំដែលមានសមាជិកខំឡើងពីខេត្ត ពីស្រុកមក មានសិទ្ធិជ្រើសរើសផង កុំមកគ្រាន់តែប្រថាប់ត្រា។
ទី២-បើគ្រាន់បើមែនធ្វើឱ្យត្រូវតាមលក្ខន្តិកៈ ហើយបោះឆ្នោតជាសម្ងាត់! ប៉ុន្តែ ជឿថាបក្សនេះមិនហ៊ានទេ បើហ៊ានគឺធានាថា កឹម សុខា ដែលសំបូរទៅដោយរឿងអាស្រូវផ្លូវភេទ និងមានកូនជាមួយស្រ្តីវៀតណាមទៀតនោះ នឹងមិនបានឡើងធ្វើប្រធានបក្សឡើយហើយកំពូលស្តេចល្បែង ក៏មិនអាចធ្វើជាអនុប្រធានបក្សដែរ ព្រោះវានឹងនាំឱ្យបក្សនេះអាប់ឱនក្នុងឆាកនយោបាយ និងប្រវត្តិនយោបាយខ្មែរ។ បើហ៊ានបើកចំហរប្រជាធិបតេយ្យមែនទែន ច្បាស់ណាស់ ប្រធាន និងអនុប្រធាន ប្រាកដជាមានមនុស្សហ៊ឺហាជាងនេះ និងថ្លៃថ្នូរជាងនេះ។ តែសារជាតិបក្សតែប៉ុណ្ណឹងទៅហើយ គឺជើងឯកខាងបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោងនយោបាយ!
រើសក្បាលម៉ាស៊ីនខុសក្បួន គឺខុសយ៉ាងច្បាស់ដែលខ្មែរយើងថាច្បាស់ដូចថ្ងៃ! ខ្លួនឯងជាអ្នកសរសេរក្បួនបញ្ចូលក្នុងលក្ខន្តិកៈដែលចាត់ទុកលក្ខន្តិកៈនេះជាគម្ពីរវេទរបស់ខ្លួនដែលធំជាងគេបង្អស់នៅក្នុងបក្ស។ ខ្លួនឯងជាអ្នកអនុវត្តដែលត្រូវសុចរិតចំពោះខ្លួនឯងដោយអនុវត្តឱ្យត្រូវតាមក្បួនដែលខ្លួនតាក់តែងចងក្រងមក ហើយអង្គប្រជុំបក្សជាអ្នកអនុម័តទៅទៀត។ បើមិនអនុវត្តតាមក្បួនខ្លួនឯង មានន័យស្មើនឹងយកលក្ខន្តិកៈនេះមកទ្រាប់អង្គុយក្រោមគូទ និងអង្គប្រជុំធំដែលហៅថាអង្គសមាជ ដែលយកទូលនឹងក្បាល បែរយកមកជាន់ក្រោមបាតជើងរបស់ខ្លួនទៅវិញ។ សរសេរខ្លួនឯង អនុវត្តខ្លួនឯង ហើយខុសដោយខ្លួនឯងទៀត! រឿងនេះគឺជារឿងអាម៉ាស់បំផុតក្នុងលោកិយ! ខុសម្តងហើយបែរជាមិនរាងចាល ហើយគួរបើកក្បួនមើលដោយយកចិត្តទុកដាក់ ពិគ្រោះយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើឱ្យត្រូវឡើងវិញតាមក្បួនច្បាប់ដែលខ្លួនឯងសរសេរទៅចប់ហើយ! ប៉ុន្តែ ខុសហើយមិនចេះកែ ហើយបែរជាទំនើងធ្វើខុសម្តងទៀត! មិនកែដោយសារមិនចង់ទទួលកំហុសរបស់ខ្លួនកុំឱ្យញាតិមិត្តថា ខ្លួនឯងវាអន់ វាល្ងង់ អនុវត្តតាមអ្វីដែលខ្លួនឯងសរសេរមិនទាំងត្រូវផង ហើយចង់ទៅដឹកនាំនគរម៉េចនឹងបាន។
ដើម្បីគេចពីភាពអាម៉ាស់ដោយការមិនយល់ដប់របស់ខ្លួន បក្សនេះតាំងប្រើវោហាសាស្រ្តលាបពណ៌នយោបាយលើការអនុវត្តច្បាប់ដោយចោទថា សំណាក់រាជការរករឿងធ្វើបាបឬថាខ្លួនធ្វើម៉េចក៏មិនត្រូវចិត្តរាជការ! ខុសខ្លួនឯង មិនព្រមកែឱ្យត្រូវបែរជាបំភ្លៃ និងបំភាន់ទៅជារឿងនយោបាយទៅវិញ។ ឥឡូវ ទទួលស្គាល់ថា ខ្លួនឯងខុស ដោយកែប្រភពនៃបញ្ហាគឺក្បួនក្នុងប្រការ ៤៧ ថ្មីរបស់ខ្លួនដោយប្រគល់អំណាចទាំងអស់ទៅគណៈនាយកតែម្តង លែងទុកចិត្តអង្គសមាជដើម្បីជ្រើសរើសអនុប្រធានហើយ! ដល់ទទួលស្គាល់ថា នេះជាការអនុវត្តច្បាប់បក្សឆ្លៀតប៉ែងបំផ្លើស និងបំប៉ោងទៀតថា ការអនុវត្តច្បាប់នេះមានស្តង់ដារពីរទៅវិញ ដោយលើកពីករណី ញឹក ប៊ុនឆៃ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទៅវិញ! ចុះខ្លួនម៉េចមិនអនុវត្តឱ្យបានត្រឹមត្រូវតាមក្បួនខ្លួនឯងសម្រាប់ខ្លួនឯងសិនទៅចាំបាច់ទៅមើលគេមើលឯងធ្វើអី! ពិតជាគួរឱ្យប័ណ្ណសរសើរខាងបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោងមែន!
ថ្ងៃទី ២៥ មេសា នេះ បក្សព្រះអាទិត្យបានបើកអង្គប្រជុំធំវិសាមញ្ញជាថ្មី ដើម្បីកែប្រែក្បួនរបស់ខ្លួននៅក្នុងប្រការ ៤៧ ថ្មី ជាថ្មី។ សួរថា ម៉េចបានត្រូវកែគឺដោយសារគាត់សរសេរលក្ខន្តិកៈ ហើយគាត់អនុវត្តមិនត្រូវ។ គាត់ចែងចងដោយខ្លួនឯងក្នុងប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈថា ការជ្រើសរើសអនុប្រធានបក្សដោយគណៈនាយករបស់បក្ស គឺត្រូវធ្វើក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃប្រធានបក្សលាលែងតំណែង។ ដល់ពេលអនុវត្ត គាត់អត់គោរពរយៈពេល ៣០ ថ្ងៃដែលចែងក្នុងក្បួនរបស់គាត់។ បើរាជការមិនថាខុសនោះទើបជារឿងចម្លែក។ ឥឡូវបក្សនេះ អាចចាប់ផ្តើមចេះគិត ឃើញកន្លែងខុសហើយ ហើយក៏ចាប់ផ្តើមចេះគោរពច្បាប់ទម្លាប់ និងវិន័យនគរខ្លះ។ គាត់ដឹងថា អ្វីដែលគាត់ ចែងចងក្បាច់ក្បូរច្រើនពេក ពិសេសរយៈពេល ៣០ថ្ងៃហ្នឹង គឺអនុវត្តអត់បានទេ ដូចនេះត្រូវដកចេញពីប្រការ ៤៧ ថ្មី វិញ។ ៣០ ថ្ងៃនេះ ក៏គាត់ជាអ្នកដាក់ ហើយក៏គាត់ជាអ្នកដកចេញវិញដែរ! រឿងរបស់គាត់ ដោះស្រាយដោយគាត់! ហើយ បក្សីចាំក្រុង បួងសួងដល់ទេវតាឆ្នាំថ្មី ជូនពរឱ្យការរៀបចំថ្មីនេះ កុំឱ្យជួបគ្រោះតទៅទៀត ពិសេសឱ្យអនុប្រធានសេះហោះទាំង ៣ រូប ក្លាយជាអនុប្រធានមិនសេះហោះទៅចុះ!៕
ដោយ៖ បក្សីចាំក្រុង
កំពង់ចាម ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧