មកដល់ពេលនេះ ការពិតស្តីពីរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានលាតត្រដាងជាសាធារណៈហើយ។ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានឆ្លើយសារភាពទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ ដែលបានបែកធ្លាយកន្លងមកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ថាពិតជាសម្លេងរបស់រូបនាងនិយាយសាសងគ្នាជាមួយលោក កឹម សុខា ប្រាកដមែន។
អ្វីដែលសាធារណៈជនចាប់អារម្មណ៍នោះ គឺលោក កឹម សុខា បានប្រើប្រាស់វិធីសាស្ត្រដ៏ស្មោគគ្រោករបស់ខ្លួនបោកប្រាស់ទៅលើក្មេងស្រីរងគ្រោះ ដោយលួងលោមសន្យាផ្តល់ប្រាក់ចំនួន ៣០០០ ដុល្លារអាមេរិក និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ឲ្យនាង ដើម្បីងាយស្រួលចេញចូលជួបគ្នា។ មិនតែប៉ុណ្ណោះ មេបក្សប្រឆាំងល្មោភកាមរូបនេះ គឺបន្តកុហករូបនាងថានឹងបើកហាងសំអាងការមួយកន្លែងឲ្យនាងថែមទៀត ប៉ុន្តែរហូតមកដល់ពេលនេះ នាងពុំទាន់បានទទួលអ្វីពីលោក កឹម សុខា នៅឡើយនោះទេ។ មានន័យថា នាងបានបាត់បង់ទាំងខ្លួនប្រាណ និងកិត្តិយស ដូចពាក្យចាស់បុរាណពោលថា «ប្រាក់ក៏បង់ ថង់ក៏ដាច» ដូច្នេះដែរ។
មកដល់ចំណុចនេះ គេនៅចាំបានថា លោក កឹម សុខា ក៏ធ្លាប់បានប្រើប្រាស់វិធីបោកប្រាស់បែបសន្យានេះជាមួយប្រជាពលរដ្ឋនូវចំណុចជាច្រើន ដូចជាការផ្តល់លុយ៤ម៉ឺនរៀលដល់ចាស់ៗ ដាក់ធ្មេញមាសឲ្យតាៗ យាយៗ រកប្តីឲ្យស្រីម៉េម៉ាយ ជាដើម។ល។ រាប់មិនអស់។
ការបន្តបោកគ្រប់ទីកន្លែង គ្រប់ស្ថានភាព និងការប្រព្រឹត្តិនូវអំពើអសីលធម៌ មើលងាយនារីវ័យក្មេងជាបន្តបន្ទាប់រាប់មិនអស់របស់លោក កឹម សុខា បានធ្វើឲ្យសង្គមកម្ពុជាមិនអាចទទួលយកមេដឹកនាំបែបនេះបានឡើយ។ លោក កឹម សុខា ត្រូវហ៊ានចេញមុខសារភាពនូវកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តិជាសាធារណៈ នឹងត្រូវលាលែងពីតំណែងជាអ្នកតំណាងរាស្ត្ររបស់ខ្លួនទើបត្រឹមត្រូវ ហើយរដ្ឋសភាជាតិ គួររិះរកនីតិវិធី សួរដេញដោលនៅក្នុងសម័យប្រជុំពេញអង្គរបស់សភា ដើម្បីឱ្យលោក កឹម សុខា ឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋបានស្ងប់ចិត្តក្នុងរឿងនេះ។
ដើម្បីស្វែងរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ កញ្ញា ស្រីមុំ បានស្នើសុំឲ្យតំណាងអយ្យការ មេត្តាជួយរកយុត្តិធម៌ឲ្យរូបនាងតាមផ្លូវច្បាប់។ ក្នុងនោះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជាក់ថា លោកនឹងពិនិត្យមើលករណីនេះទៅតាមនីតិវិធី។ ទន្ទឹមនឹងនោះ ប្រធានអង្គការសីលការ (Silka) ក៏បានជំរុញឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបកស្រាយចំពោះរឿងអាស្រូវកន្លងមក ដើម្បីកុំឲ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងបែបនេះផងដែរ។ ដូច្នេះ គេសង្ឃឹមថាលោក កឹម សុខា នឹងមិនកំសាកមិនហ៊ានទទួលខុសត្រូវនូវទង្វើអសីធម៌របស់ខ្លួននោះទេ។
កន្លងមក មុនការសារភាពរបស់កញ្ញា ខុម ចាន់ដារ៉ាទី មានក្រុមអ្នកវិភាគមួយចំនួនដែលអះអាងថាខ្លួនជាអ្នកវិភាគឯករាជ្យនោះ បែរជាយល់ថារឿងអាស្រូវស្រីញីម្តងហើយម្តងទៀត របស់លោក កឹម សុខា គឺជាការរៀបចំឆាកល្ខោនរបស់គណបក្សកាន់អំណាច ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំងទៅវិញ ប៉ុន្តែពេលនេះ រឿងពិតត្រូវបានលាតត្រដាងដោយនារីរងគ្រោះទៅហើយ តើពួកគេត្រូវបកស្រាយយ៉ាងណា? បើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋភាគច្រើន ពួកគេបានយល់ថា ក្រុមអ្នកវិភាគដែលតែងតាំងខ្លួនឯងថាជាអ្នកវិភាគឯករាជ្យទាំងនោះ គឺពិតជាកូនជឹងរបស់គណបក្សប្រឆាំងមួយនេះយ៉ាងពិតប្រាកដ ពីព្រោះពួកគេតែងតែបកស្រាយពីការពិតទៅជារឿងប្រឌិត ឬជារឿងល្ខោន ហើយពេលខ្លះក្រុមមួយនេះហ៊ានចោទប្រកាន់ថាគឺជារឿងនយោបាយថែមទៀត បើទោះបីជាជនដែលបានប្រព្រឹត្តិបានបង្ហាញនូវបទល្មើសដែលជាភស្តុតាងជាក់ស្តែងក៏ដោយ។
ការសារភាពរបស់ស្រីមុំនៅពេលនេះ គឺបានបង្ហាញយ៉ាងគ្រប់គ្រាន់ និងច្បាស់ក្រឡែត ពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងនាង និងលោក កឹម សុខា។ ក្នុងនាមលោក កឹម សុខា ជាអ្នកនយោបាយម្នាក់ដែលជាបុគ្គលសាធារណៈ ហើយត្រូវទទួលការជ្រើសរើសជាតំណាងប្រជាពលរដ្ឋផងនោះ បែរជាមានអំពើផិតក្បត់ប្រពន្ធ កូន ប្រព្រឹត្តិអំពើអសីលធម៌ដែលសង្គមស្អប់ខ្ពើមបែបនេះ តើបុគ្គលនោះគួរគប្បីជាបុគ្គលដែលត្រូវជ្រើសរើសមកដឹកនាំប្រទេសដែរឬយ៉ាងណា?
ឆ្លើយតបចំពោះការអំពាវនាវស្វែងរកយុត្តិធម៌របស់កញ្ញា ខុម ចាន់ដារាទី ដែលជានារីរងគ្រោះនោះ មហាជន បានគិតថាវាគ្រប់គ្រាន់ហើយសម្រាប់ព្រះរាជអាជ្ញា បន្តនីតិវិធីការងាររបស់ខ្លួន ដើម្បីឲ្យតុលាការចាត់ការជនល្មោភតណ្ហារូបនេះតាមផ្លូវច្បាប់ជាធរមាន៕