នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចម្រុះនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ប្រាសាទមេបុណ្យខាងលិចត្រូវបានអភិរក្សជួសជុល និងស្តារឡើងវិញដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា ចាប់ផ្តើមពីឆ្នាំ២០១២មក ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩។ សហប្រធាននៃគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលនេះ តែងជួបជុំគ្នាពីរដងក្នុងមួយឆ្នាំ ដើម្បីតាមដានវឌ្ឍនភាពនៃការងារ និងរួមគ្នាដោះស្រាយនូវឧបសគ្គផ្សេងៗ ដែលក្រុមការងារបច្ចេកទេសជួបប្រទះក្នុងដំណើរការរបស់ខ្លួន។
ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាសហប្រធាននៃគម្រោងជួសជុលនេះបញ្ជាក់ថា ជំនួបពិភាក្សារវាងសហប្រធានគណៈកម្មការព្រឹកនេះ ផ្តោតសំខាន់លើការវិវត្តនៃការជួសជុល និងរួមគ្នាដោះស្រាយការលំបាកផ្សេងៗ ដូចជា ការដឹកជញ្ជូនថ្មទៅកាន់ការដ្ឋានជាដើម។ ជាការកត់សម្គាល់ សហប្រធានគណៈកម្មការមានការពេញចិត្តនឹងដំណើរការជួសជុលដែលប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទុំមួយអង្គ ដែលសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ៕