នៅថ្ងៃទី ២៥ ខែមេសានេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម នៅវិមានសន្តិភាព។
លោក ង្វៀង សួនហ្វ៊ុក បានចាត់ទុកទស្សនកិច្ចនេះជាការរឹតបន្តឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព ដែលមានរយៈពេល៥០ឆ្នាំមកហើយ ហើយដែលត្រូវបន្តផ្លាស់ប្តូរទស្សនកិច្ចក្នុងកម្រិតរប្រមុខថ្នាក់ដឹក នាំនៃប្រទេសទាំងពីរជាបន្តទៀត។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអបអរសាទរ និងកោតសរសើរដល់ការីកចម្រើនរបស់កម្ពុជា រួមមានកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម សន្តិភាព និងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
ពាក់ព័ន្ធការងារព្រំដែន រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា ដោយអនុញ្ញាតឱ្យគណៈកម្មការព្រំដែន បន្តធ្វើការជាមួយគ្នា ក្នុងនោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តកសាងស្ពាននៅតំបន់ផ្សេងទៀត ដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងសង្ខាង។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានផ្តល់ថវិកា២លានដុល្លាសម្រាប់សាងសង់ផ្សារដា នៅខេត្តត្បូងឃ្មុំដែលជាផ្សារមួយដ៏សំខាន់សម្រាប់បងប្អូន ប្រជាពលរដ្ឋរកស៊ីតាមព្រំដែន ដែលនឹងចាប់កសាងនៅពេលដ៏ខ្លីខាងមុខនេះ។
ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសើរពីការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាម និងទំហំពាណិជ្ជកម្មដែលវៀតណាមដែលបាននាំចេញ។ សេដ្ឋកិច្ចវៀតណាមរីកលូតលាស់ពេលនេះ ក៏បានរួមចំណែកជួយដល់កម្ពុជាផងដែរ តាមរយៈក្រុមហ៊ុនវៀតណាមមួយចំនួនដែលបាន មកបណ្តាក់ទុននៅកម្ពុជា។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្តេជ្ញា បន្តជំរុញឱ្យទំហំសេដ្ឋកិច្ចបានកើន ឡើងដល់៥ពាន់លានដុល្លារអាមេរិកនៅពេលខាងមុខ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជំរុញឱ្យនាយករដ្ឋមន្ត្រីវៀតណាមធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មតាមព្រំដែនមានភាពរលូនដើម្បីឱ្យប្រជាជនដែលកំពុងរកស៊ីទទួលទានតាមព្រំដែន កាន់តែងាយស្រួល។
លោកបានបន្តថានឹងខិតខំកសាងធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសុខសន្តិភាព និងរីកចម្រើនក្នុងនាមជាប្រទេសភូមិផងរបងជាមួយ។ ចំពោះវិស័យទេសចរណ៍ លោកក៏បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍និងអ្នកវិនិយោគវៀតណាមបន្តមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា ខណៈដែលភ្ញៀវទេសចរណ៍វៀតណាមមកកម្ពុជា ក្នុង១ឆ្នាំជាង១លាននាក់។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអរគុណដល់រដ្ឋាភិបាលវៀតណាម ដែលកន្លងមក បានផ្តល់អាហារូបករណ៍មួយចំនួនដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសវៀតណាមផងដែរ៕