ចម្លាក់បាយ័ន ៖ ពិធីយញ្ញក្របីនៅលើចម្លាក់នៃប្រាសាទបាយ័ន

ថ្ងៃអង្គារ ទី ២៥ មេសា ២០១៧​
244

ចម្លាក់រឿងនេះបង្ហាញនៅលើជញ្ជាំងថែវខាងក្រៅ នាទិសខាងកើត ជ្រុងអាគ្នេយ៍។ ជាទិដ្ឋភាពធំបីផ្ទាំងតជាប់គ្នាពីលើមកក្រោម រៀបរាប់អំពីពិធីទាក់ទងនឹងក្របី។ ចម្លាក់នៅថ្នាក់ខាងលើបង្អស់បាត់ពាក់កណ្តាល ដែលយើងមើលយល់ថាមានបង្ហាញអំពីការនាំក្របីទៅថ្វាយព្រះរាជាទតនិងកិច្ចពិធីផ្សេងៗ។ ចម្លាក់នៅថ្នាក់កណ្តាលមានបង្ហាញអំពីក្របីដែលយកមកចងនឹងបង្គោលឈើ នៅក្បែរនោះមានព្រាហ្មណ៍ពីរនាក់អង្គុយលើដំរីកំពុងសូត្រយញ្ញបូជា។ កងទ័ពរេហ៍ពលទាំងគ្រប់ឋានានុក្រមរំកិលដំណើរចូលកាន់ក្របី រួចចាក់ក្របីនឹងអាវុធរបស់ខ្លួនជាបន្តបន្ទាប់ ទើបបន្តដំណើរឆ្ពោះទៅទីវាលចម្បាំង។

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិវស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា ចម្លាក់នេះជាការបង្ហាញឲ្យឃើញអំពីកិច្ចពិធីលើកទឹកចិត្តទ័ពមុននឹងចេញច្បាំងនៅសម័យបុរាណ ដើម្បីធ្វើឲ្យកងទ័ពមានសេចក្តីក្លាហានអង់អាចក្នុងចម្បាំង តាមរយៈកិច្ចពិធីពិសេស ដែលទាក់ទងនឹងការបូជាឈាមស្រស់ ដើម្បីឲ្យអំពាវនាវសុំឲ្យកម្លាំងទេពមកសណ្ឋិតនៅហ្នឹងអ្នកចម្បាំង។

អ្នកស្រាវជ្រាវរូបនេះបញ្ជាក់ថា ចម្លាក់នេះ អ្នកខ្លះយល់ច្រឡំថា ជាចម្លាក់បង្ហាញអំពីសម្លាប់សត្វក្របីដើម្បីប្រារព្ឋពិធីជ័យជំនះ។ តាមពិតជាកិច្ចបូជាដ៏ធំរបស់ជនជាតិភាគតិចនៅក្នុងអាស៊ីអាគ្នេយ៍។ ខ្មែរបានយកទំនៀមជនជាតិមកផ្សំនឹងទំនៀមព្រាហ្មណ៍ ដើម្បីសុំឲ្យទេពស្ថិតនៅជាកម្លាំងក្នុងរេហ៍ពលរបស់ខ្លួន។

សូមទស្សនាកម្រងរូបភាពនៃចម្លាក់នេះដូចតទៅ ៖

ចែករំលែក

បញ្ចេញយោបល់