ក្រសួង​សេដ្ឋកិច្ច​បណ្តុះ​បណ្តាល​មន្រ្តី​លើ​បច្ចេក​ទេស​នៃការ​រៀប​ចំថវិកា​

ថ្ងៃអង្គារ ទី ២៥ មេសា ២០១៧​
116

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីលើការងារបច្ចេកទេសរៀបចំថវិកា សំដៅពង្រឹង និងបង្កើនសមត្ថភាព ក្នុងការរៀបចំការអនុវត្តតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងសុក្រឹតភាពបន្ថែម។

ការបណ្តុះបណ្តាលនេះ គឺធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី «បច្ចេកទេសនៃការរៀបចំថវិកា» នៅថ្ងៃទី២៤ មេសា ក្រោមអធិបតីភាពលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ច។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា សិក្ខាសាលានេះ ជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ ភាពជាម្ចាស់ និងទិសដៅពិតប្រាកដរបស់ក្រសួងសេដ្ឋកិច្ច ដែលបាននិងកំពុងអនុវត្តថវិកាកម្មវិធីពេញលេញ តាមរយៈការដាក់ឱ្យដំណើរការអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន សរុបចំនួន៤៥។

សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ រួមមាន៖ ១-ការពង្រឹង និងបង្កើនសមត្ថភាព ដល់គ្រប់អង្គភាពថវិកាទាំងអស់នៃក្រសួង ក្នុងការរៀបចំការអនុវត្ត, តាមដានត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងសុក្រឹតភាពបន្ថែមទៀត, និង២-បង្កើនកិច្ចសហការ និងទំនាក់ទំនងរវាងអង្គភាពថវិកា និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីជំរុញការងារថវិកាកម្មវិធីឱ្យល្អប្រសើរ៕

បញ្ចេញយោបល់