នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ បានថ្លែងថាក្រោមម្លប់សន្តិភាព កម្ពុជា បាននិងកំពុងបោះជំហានយ៉ាង ស្វាហាប់ប្រកបដោយមោទនភាពជាតិក្នុងការបំពេញបេសកកម្មក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងកម្លាំង វិស្វកម្មលេខ១៨៩ និងកងកំទេចគ្រឿងផ្ទុះលេខ១២៣ និងកងអាវុធហត្ថលេខ៦១៨ ដើម្បីប្តូរវេនទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព កម្ពុជា បាននិង កំពុងបោះជំហានយ៉ាងស្វាហាប់ប្រកបដោយមោទនភាពជាតិដែលកម្ពុជាសម្រេចបានស្នាដៃ ធំៗជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជាការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព លើវិស័យមនុស្សធម៌ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ការដណ្តើមមេដាយមាស ប្រាក់ កម្រិតពិភពលោក ផ្នែកវិញ្ញាសាកីឡាប៉េតង់ ដែលមានវត្តមានវីរៈកីឡាការនីនៃកងយោធពលខេមរភូមិន្ទ០២រូបផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិបានបញ្ជាក់ថា កងកម្លាំងកម្ពុជាដែលជូនដំណើរនាពេលនេះ បានធ្វើការហ្វឹកហ្វឺនយ៉ាងស្ទាត់លើជំនាញវិជ្ជាជីវៈប្រកប ដោយគុណភាពរយៈពេលជាង១០ខែក្រោមការធ្វើតេស្តប្រឡងវាស់ស្ទង់សមត្ថភាព គុណភាព យ៉ាងត្រឹមត្រូវ និងមានតម្លាភាព និងមានសមត្ថភាពដូចកងមុនៗផងដែរ។ កងកម្លាំងទំាងបីកងនេះ មានចំនួន៤២៩នាក់ក្នុងនោះនារី៤៣នាក់ ដែលបានជ្រើសរើសសម្រិតសម្រាំងពីគ្រប់ កងឯកភាព ស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕