លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ បានសរសេរនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម តេឡេក្រាម ថា មានចរន្តពីរ ដែលត្រូវពិចារណា គឺទី១ អំពីពាក្យថា ចង់បានសន្តិភាព និងទី២ គឺ មិនចង់បានសន្តិភាព។
លោក សុខ ឥសាន បានពន្យល់យ៉ាងដូច្នេះថា៖
១- ចង់បានសន្តិភាព ៖ ចំពោះលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា បើចង់បានសន្តិភាព គឺត្រូវអភិវឌ្ឍន៏ កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីបំរើវិស័យសេដ្ឋកិច្ច សម្រួលទំនាក់ទំនងសហប្រតិបត្តិការ និងកសាងតំបន់ព្រំដែនជាមួយប្រទេសជិតខាង។ បន្ថែមពីលើនេះ គឺកសាង ទីលំនៅដ្ឋានរបស់ប្រជាជនតាមបណ្តោយខ្សែព្រំដែន កសាង សាលារៀន មន្ទីរពេទ្យ បណ្តាញអគ្គិសនី ទឹកស្អាត បំរើជីវភាពរស់នៅរបស់ប្រជាជនតាមតំបន់ព្រំដែន និងកសាងប្រព័ន្ធធារាសាស្ត្រសំរាប់បំរើការងារបង្កបង្កើនផលកសិកម្ម ។
លោកបានបន្ថែមថា ជាមួយក៏ត្រូវបើកទូលាយការទាក់ទងរវាងប្រជាជន និងប្រជាជន ដើម្បីពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រជាជន និងប្រជាជនដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី បើកទូលាយការវិនិយោគធំៗ នៅតាមបណ្តោយព្រំដែន និងសម្រួលបែបបទរដ្ឋបាលផ្សេងៗ ដើម្បីសម្រួលភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ចេញចូលទៅវិញទៅវិញទៅមក ។
ប៉ុន្តែ ចំនុចទី២ លោក សុខ ឥសាន បានពន្យល់ថា
២- មិនចង់បានសន្តិភាព ៖ គឺបិទច្រកព្រំដែន នៅពេលនោះនឹងគ្មានការអភិវឌ្ឈន៏ នៅតាមព្រំដែន គ្មានការតាំងទីលំនៅដ្ឋានរបស់ប្រជាជនតាមបណ្តោយខ្សែព្រំដែនជីកលេណដ្ឋានតាមបណ្តោយព្រំដែន ។ ពេលនោះ គឺនឹគ្មានទំនាក់ទំនងរវាងប្រទេសនិងប្រទេសរវាងប្រជាជន និងប្រជាជន និងក៏ជន នគ្មានការជួបចរចា ដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។
លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់មក នឹងគ្មានការយោគយល់គ្នាជាទ្វេភាគីទេ មានបញ្ហាបាញ់គ្នា លើកយកតែបញ្ហាមានក្នុងអតីតកាលមកធ្វើឲ្យមានការអរិភាពនឹងគ្នា បង្កើតរឿង ។
ជាចុងបញ្ចប់ លោក សុខ ឥសាន បានគូសបញ្ជាក់ថា ដូច្នេះ ក្នុងការសម្រេចចិត្តបោះឆ្នោត គួរជ្រើសរើសយកមួយណាល្អជាងឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឲ្យប្រទេសជាតិមានសន្តិភាពដែលទាំងអស់គ្នាចង់បាន៕