ហេតុអ្វីបានជាមានធ្លាក់ព្រិល (ទឹកកក) នៅពេលមានភ្លៀង?

ថ្ងៃចន្ទ ទី ២៤ មេសា ២០១៧​
1126

នៅពេលខ្លះយើងសង្កេតឃើញថា ពេលមានភ្លៀងពិសេសភ្លៀងកក់ខែ ឬភ្លៀងនៅដើមរដូវ​វ​ស្សាក៏មានធ្លាក់មកជាមួយនូវ ព្រិល ឬទឹកកក (អាស្រ័យទៅលើការការនិយមហៅតាមតំបន់) តែបើតាមការពន្យល់បែបវិទ្យាសាស្ត្រនោះគឺជាដុំទឹកកក។ នេះបើយោងតាមសេចក្តីជូន​ដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ភ្លៀងលាយឡំជាមួយនឹងការធ្លាក់ដុំទឹកកកនេះកើតឡើង ដោយសារ៖ ១- កម្រិតសីតុណ្ហភាពអតិបរមា ក្នុងបរិយាកាសបានថយចុះយ៉ាងគំហុក។ ២- ខ្យល់បក់បោកបញ្រ្ចាសទិស មានល្បឿនលឿនខ្លាំងធ្វើឱ្យធូលី និងសារធាតុ​មួយចំនួនប៉ើង​ឡើងទៅក្នុងបរិយាកាស។ ខ្យល់នេះ ក៏នាំយកនូវម៉ាសខ្យល់ត្រជាក់ មកកាន់បរិយាកាសលើ​ផ្ទៃដី ជំរុញឱ្យអុកស៊ីតកម្មរហ័សទៅលើអុកស៊ីតករក្នុងបរិយាកាស បង្កឱ្យចំហាយទឹក និងសមាសធាតុចម្រុះក្នុងខ្យល់ ងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាមៗ ដែលបាតុភូតនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តហៅថា Invertion។

ក្រសួងធនធានទឹក ក៏បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅក្នុងក្រុង បានលុង ខេត្តរតនគិរី ក៏មានភ្លៀងធ្លាក់ លាយឡំនឹងដុំទឹកកកនេះដែរ។ ដោយហេតុថា ដុំទឹក​កក ដែលធ្លាក់មកជាមួយភ្លៀង កកើតឡើងពីសមាសធាតុចម្រុះ ដូចនេះ គួរកុំយក​ដុំ​ទឹក​កក​នេះទៅបរិភោគ ព្រោះវាអាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាព ចំពោះទឹកភ្លៀង​ក៏មាន​កម្រិត​ជាតិអាស៊ីតខ្ពស់ដែរ៕

ចែករំលែក

បញ្ចេញយោបល់