ត្រីមាសទី១ដើមឆ្នាំ២០១៧​ អាជ្ញាធរអប្សរា​បានរកឃើញ​និងប្រគល់សម្ភារៈ​ជូនភ្ញៀវទេសចរ​វិញចំនួន៦៦ករណី​

ថ្ងៃចន្ទ ទី ២៤ មេសា ២០១៧​
114

យោងតាមរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នំា២០១៧ ស្តីពីកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងទំនុកចិត្តរបស់ភ្ញៀវទេសចរក្នុងពេលទស្សនារមណីយដ្ឋានអង្គរ។ ក្នុងបរិបទនេះ មន្ត្រីជំនាញផ្នែកអភិវឌ្ឍន៍ទេសចរណ៍បានសម្រេចនូវសមិទ្ធផលសំខាន់ៗមួយចំនួនប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ដែលមានភាពលេចធ្លោគួរឲ្យកត់សម្គាល់។ ស្ថិតក្នុងចំណុចលេចធ្លោ គឺការខិតខំស្វែងរកឃើញនិងប្រគល់ជូនភ្ញៀវទេសចរវិញនូវសម្ភារៈដែលភ្ញៀវទេសចរបានជ្រុះក្នុងពេលកំពុងទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋានអង្គរ។

ទាក់ទងនឹងសកម្មភាពការងារនេះ យោងរបាយការណ៍សង្ខេបរបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ អាជ្ញាធរជាតិអប្សរា ក្នុងការងារសហការជាមួយនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានជួយស្វែងរករបស់ដែលភ្ញៀវបានភ្លេច ឬជ្រុះ បានចំនួន៨១ករណី និងរកឃើញវិញបានចំនួន ៦៦ករណី។ រីឯការជួយសង្រ្គោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់អំឡុងពេលទស្សនាក្នុងតំបន់ប្រាសាទវិញ មានសរុបចំនួន ១០៣ករណីផងដែរ។

ក្នុងរបាយការណ៍ដដែលនោះក៏បានបង្ហាញអំពីតួលេខនៃការអប់រំ និងការណែនាំដល់ភ្ញៀវទេសចរអំពីឥរិយាបថអំឡុងពេលទស្សនាប្រាង្គប្រាសាទបុរាណផង។ ក្នុងនោះ ការហាមឃាត់ និងអប់រំណែនាំដល់ភ្ញៀវទេសចរដែលមានឥរិយាបថមិនសមរម្យ ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរមានចំនួន ៧៦ករណី។ ក្នុងនោះទៀតសោត ចំណាត់ការរួមមាន ធ្វើការណែនាំឲ្យធ្វើលិខិតសុំទោស កិច្ចសន្យា លុបរូបភាព និងឲ្យមកសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា និងឲ្យពួកគេបានយល់នូវខ្លឹមសារ ព្រមទាំងគោរពតាមក្រមប្រតិបត្តិអង្គរ។

សម្រាប់សកម្មភាពថតរូបវិញ ការចុះត្រួតពិនិត្យបានរកឃើញថា ករណីមានលិខិតអនុញ្ញាតចំនួន៤២ក្រុម (៤៥១នាក់) និងគ្មានលិខិតអនុញ្ញាតចំនួន ១០៧ក្រុម (១០៧០នាក់)។ ក្នុងនោះដែរ ក្រុមការងារបានចុះណែនាំដល់ភ្ញៀវទេសចរដែលប្រព្រឹត្តិផ្ទុយពីក្រមប្រតិបត្តិអង្គរនៅតាមប្រាសាទមានចំនួន ២៤នាក់៕

ចែករំលែក

បញ្ចេញយោបល់