លោក Yang Jiechi ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិននឹងដឹកណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែមេសា តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៤ ខែមេសា ២០១៧នេះ ។
សេចក្តីជូនដំណឹង បានឲ្យដឹងថា ក្នុងឱកាសទស្សនកិច្ចផ្លូវការនេះ លោក Yang Jiechi នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ។
សូមជម្រាបផងដែរថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក Yang Jiechi នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៤ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ ខាងមុខនេះ៕