នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស្ពាននេះ (ជ្រៃធំ-ឡុងប៊ិញ) ជាផ្នែកមួយនៃការតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-វៀតណាមក្នុងឋានៈជាអ្នកជិតខាងល្អ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសរូបលោក និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម រួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ Chrey Thom-Long Binh) នៅស្រុកកោះធំ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក សង្ឃឹមយ៉ាងមុតមាំថា ស្ពានដែលសម្ពោធក្នុងថ្ងៃនេះ ជាផ្នែកមួយនៃការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ក្នុងឋានៈជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការណ៍គ្រប់វិស័យ។
ស្ពានមិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញនេះ គឺជាយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ ដែលមិនត្រឹមតែតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទំនាក់ទំនង ខាងសង្គមកិច្ច វប្បធម៌ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរឱ្យបានកាន់តែងាយស្រួល និងឆាប់រហ័ស។ ស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ រួមជាមួយការសាងសង់ឡើងវិញ ផ្លូវជាតិលេខ២១ នឹងបង្កើតបានទៅជាបណ្តាញផ្លូវមួយថ្មីទៀតប្រកបដោយសក្តានុពលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលតភ្ជាប់ខេត្តកណ្តាល ទៅនឹងតំបន់ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម។ ស្ពាននេះបង្កលទ្ធភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការធ្វើដំណើរ និងការដោះដូរទំនិញពាណិជ្ជកម្មផ្សេងៗរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ពិសេសក្នុងតំបន់ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងកុះករធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕