ទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence នៅទីក្រុងយ៉ាកាតានៅសប្តាហ៍នេះគឺជាទស្សនកិច្ចដំបូងបង្អស់ទៅកាន់ឥណ្ឌូណេស៊ី និងអាស៊ីអាគ្នេយ៍ដោយមន្រ្តី ជាន់ខ្ពស់នៅក្នុងរដ្ឋបាលលោក Donald Trump ។ លោក Pence នឹងជួបជាមួយលោក Le Luong Minh ដែលជាអគ្គលេខាធិការអាស៊ាន ដែលមានសមាជិកចំនួន ១០ ប្រទេស។
ទស្សនកិច្ចនេះនឹងផ្តល់ជាសញ្ញាថាតើរដ្ឋបាលប្រធានាធិបតី Trump មានវិធីសាស្រ្តបែបណាលើទំនាក់ទំនងរបស់អាមេរិកជាមួយសមាជិកដ៏ធំជាងគេរបស់អាស៊ាន ព្រមទាំងជាមួយ ក្រុមទាំងមូលនៅក្នុងតំបន់។ គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍នៅមិន ទាន់មានភាពច្បាស់លាស់ ចាប់តាំងពីលោក Trump ទទួលបានជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតនៅក្នុងខែ វិច្ឆិកាកន្លងទៅនេះ។
ឥណ្ឌូណេស៊ីគឺជាប្រទេសទីបីនៅក្នុងដំណើរទស្សនកិច្ចបួនប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក របស់អតីតអភិបាលរដ្ឋ Indiana ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែ មេសា។ ទស្សនកិច្ចពីរដំបូង របស់លោកគឺនៅកូរ៉េខាងត្បូង និងជប៉ុន បន្ទាប់ពីទស្សនកិច្ចដំបូងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកលោក James Mattis នៅក្នុងខែ កុម្ភៈ និងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson នៅក្នុងខែ មីនា។ សារៈសំខាន់នៃដំណើរទស្សនកិច្ចជាន់ ខ្ពស់បែបនេះបញ្ជាក់ច្បាស់ថា រដ្ឋបាលលោក Trump ផ្តល់សារៈសំខាន់ខ្លាំងដល់ទំនាក់ទំនង របស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តពីរដ៏សំខាន់ជាងគេរបស់ខ្លួននៅក្នុងតំបន់។
ទោះបីលោកបានរិះគន់ប្រទេសទាំងពីរនៅអាស៊ីឦសាននេះនៅក្នុងយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកក៏ដោយ តែចាប់តាំងពីលោកចូលកាន់តំណែង លោក Trump បានសំដែង ការកោតសរសើរ និងការប្តេជ្ញាចិត្តចំពោះសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយជប៉ុន និងកូរ៉េ ខាងត្បូង។
ត្បិតថានៅមានការខ្វែងគំនិតគ្នាច្រើនលើបញ្ហាសេដ្ឋកិច្ច តែទំនាក់ទំនងជាទូទៅរបស់ សេតវិមានលោក Trump ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលមានលំនឹង និងកាន់តែរឹងមាំឡើង ជាពិសេសលើបញ្ហាសន្តិសុខ។ ចំណុចនេះភាគច្រើនដោយសារតែការព្រួយបារម្ភរួមគ្នា របស់ខ្លួនលើការគំរាមកំហែងកាន់តែខ្លាំងពីកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោក Pence ក៏នឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្រ្តាលីផងដែរ។ ទំនាក់ទំនងរបស់ លោក Trump ជាមួយទីក្រុងកង់ប៉េរ៉ានៅតែមិនទាន់ច្បាស់លាស់ ជាពិសេសក្រោយពីមានការ និយាយគ្នាដ៏គ្រោកគ្រៀតតាមទូរស័ព្ទនៅក្នុងខែ មករា ជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull ។
លោក Mattis និង លោក Tillerson មិនបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលី ឡើយនៅក្នុងអំឡុងពេលទស្សនកិច្ចកិច្ចរបស់លោកទាំងពីរនៅអាស៊ី ទោះបីអូស្រ្តាលីជាសម្ព័ន្ធ មិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកសម្ព័ន្ធភាពភ្នែកប្រាំ (Five Eyes alliance) ក៏ដោយ ដែលជាក្រុមចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់រួមមាន អូស្រ្តាលី កាណាដា ញូហ្សឺឡែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
អូស្រ្តាលីក៏ជាអ្នកគាំទ្រពេញទំហឹងលើកិច្ចព្រមព្រៀង TPP (Trans-Pacific Partnership) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលបានចុះហត្ថលេខាដោយរដ្ឋបាលលោក Obama តែបោះបង់ដោយលោក Trump ។
ការសម្រេចចិត្តរបស់លោក Trump ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ក៏បាន ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបូរី និងវៀតណាម ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ប៉ាស៊ីហ្វិកដែលមានចំនួន ១២ ប្រទេស។ គេនៅមិនទាន់ដឹងច្បាស់ថាតើសេតវិមាននឹងមានអ្វីផ្សេងមកជំនួសកិច្ចព្រមពៀងពាណិជ្ជកម្មនេះឬយ៉ាងណាទេ។
មេដឹកនាំអាស៊ានក៏មានការព្រួយបារម្ភអំពីជំហររបស់ប្រធានាធិបតីថ្មីចំពោះអង្គការនេះដែរ។ រហូតមកដល់ពេលនេះ លោក Trump ហាក់ដូចជាព្រងើយកន្តើយជាមួយអាស៊ាន ដែលមាន ចំនួនប្រជាជនសរុបចំនួន ៦២៥ លាននាក់ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរៀបចំកិច្ចសហ ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។
គេនៅមិនទាន់ដឹងច្បាស់ថាតើលោក Trump នឹងចូលរួមក្នុងជំនួបកំពូលអាស៊ីបូព៌ា (East Asia Summit) នៅក្នុងប្រទេសហ្វីលីពីន និងជំនួបកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation summit) នៅក្នុងប្រទេសវៀតណាមនៅចុងឆ្នាំនេះឬយ៉ាង ណា។
បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ងាកទៅរកសហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ច។ ក្នុងឆ្នាំកន្លងទៅនេះ ប្រទេសជាច្រើននៅក្នុងតំបន់ រួមទាំង ហ្វីលីពីន ដែលជា សម្ព័ន្ធមិត្តយូរជាងគេរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ និង ម៉ាឡេស៊ី ដែលជាដៃគូដ៏សំខាន់មួយទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ បានងាកចេញពីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅ កាន់ក្រុងប៉េកាំង។ មូលហេតុចម្បងគឺថាប្រទេសមហាយក្សជិតខាងមួយនេះអាចផ្តល់ឲ្យប្រទេសទាំងនេះនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏គួរឲ្យទាក់ទាញ៕
ប្រភព៖ ASIA TIMES ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧