បើតាមសេចក្តីប្រជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ ក្រោមមូលបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ដំណើរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន។
អមដំណើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន និងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ានផងដែរ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ថ្នាក់នាំអាស៊ាន នឹងពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីលើកដំកើងសន្តិភាព សន្តិសុខ និងវិបុលភាព ថែមទៀតសម្រាប់តំបន់ និងពិភពលោក។
សេចក្តីជូនដំណឹងបានបន្ថែមទៀតថា ការកំណត់អាទិភាពកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងដំណើរវិវត្តសម្រាប់តំបន់ គឺជារបៀបវារៈរបស់អាស៊ាន ហើយក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំអាស៊ាន និងផ្តោតការយកចិត្តទុកដាក់ដល់បញ្ហាទើបកើតមានមួយចំនួនរួមមាន ស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោក ដែលមានភាពមិនច្បាស់លាស់នៅឡើយ៕
ខាងក្រោមនេះ ជាសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស៖